ក្រសួង​ព្រមាន​ការលក់ឱសថ​បំប៉ន​សុខភាព​ផ្លូវភេទគ្មាន​ច្បាប់អនុញ្ញាតចំនួន៣​ប្រភេទ​

13/04/2018 -  482

​តាម​ការពិនិត្យ​របស់​ក្រសួង​លើ គណនេយ្យ​ហ្វេ​សបុ​ក​ដែល​មានឈ្មោះ​ថា LOL.Fashion កំពុង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ បំប៉ន​សុខភាព​ផ្លូវ​ភេទបុរស និង​នារី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​បាន​ផ្សព្វផ្សាយ​បំផ្លើស​ហួស​ពី​ការពិត ដោយ​គ្មាន​មូលដ្ឋាន​អំណះអំណាង​ច្បាស់លាស់ ហើយ​ផលិតផល​ទាំងនេះ​ពុំ​មាន​ចុះបញ្ជី​ការត្រឹមត្រូវ ។​

​ផលិតផល​ឱសថ​ដែល​បាន​ផ្សព្វផ្សាយ​មានដូចជា​៖

១.BLUE ជា​ប្រភេទ​សេរ៉ូម​អ័រម៉ូន​លាយ​ជាមួយ​ទឹកនឹង​ភេសជ្ជៈ​ឬ​ស្រា​បៀរ​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ​នារី​។

២.TITAN GEL ជា​ប្រភេទ​អ័រម៉ូន​ដែល​លាប​លើ​ប្រដាប់ភេទ​​។​

៣.PASSION Tongkat Ali ជា​ប្រភេទ​ឱសថ បំប៉ន​ផ្លូវភេទ លេប​មួយថ្ងៃ​២​គ្រាប់ ​។ 

​ក្រសួង​ធ្វើ​សេចក្តីជូនដំណឹង​នេះ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ជៀងវាង​ការខាតបង់​ប្រាក់​កាស ប៉ះពាល់​ដល់​សុខភាព​និង ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នកប្រើប្រាស់​។ ក្រសួង​សង្ឃឹមថា សាធារណៈ​ជន​ទាំង​អស់​ក្រោយ​បាន​ដំណឹង​នេះ​ត្រូវ​ឈប់​ប្រើប្រាស់​ឈប់ ជឿ​តាមការឃោសនា អកុសល បោកប្រាស់ ភូតកុហក បំផ្លើស​ពី​ការពិត របស់​ជនខិលខូច និង ជួយ​ផ្សព្វផ្សាយ​បន្ត​អោយ​ប្រជាពលរដ្ឋ​ដទៃ​ឈប់​ទិញ ឬ​ប្រើប្រាស់ ។ 

​ក្នុងនោះ​ដែរ​ក្រសួង​ក៏​បាន​ព្រមាន​ដល់​ម្ចាស់​គណនេយ្យ​ឈ្មោះ​LOL Fashion ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ ឬ​ចែកចាយ​ផលិតផល​ឱសថ បំប៉ន​សុខភាព​ផ្លូវភេទ​ខាងលើ ក្នុងករណី​ដែល​បានឃើញ ការលក់ ចែកចាយ ផលិតផល​ឱសថ​បំប៉ន​ផ្លូវភេទ​នេះ​សូម​ប្រញាប់​ផ្តល់ព័ត៌មាន​ដល់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ​និង​គ្រឿងសំអាង​នៃ​ក្រសួង​សុ​ខាង​ភិបាល​។​

​គួរ​រំលឹក​ដែរ​ថា កន្លងមក ក្រសួង​សុខាភិបាល ក៏បាន ធ្វើ​ការប្រកាស អោយ​បញ្ឈប់​ការលក់ ចែក​ចែក ឱសថ​បំប៉ន ផ្លូវភេទ​បុរស​មាន​ដែល​មានឈ្មោះ​ថា Modern Love ដែល​នាំចូល​ពី​ប្រទេស​ថៃ និង​Good Mand ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក រួចមកហើយ​ដែរ ៕

ព័ត៌មានផ្សេងទៀត