ក្រសួង​សុខាភិបាល​ច្រានចោល​ព័ត៌មាន​គ្រូពេទ្យ X-ray ឃើញ​សត្វ​កន្លាត​រស់​ក្នុង​ខ្លួន​បុរស​ម្នាក់​

20/04/2018 -  113

​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ចេញ​បដិសេធ ការផ្សាយ​ព័ត៌មាន​បន្ត​គ្នា ពីមួយ​ទៅមួយ ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ស្តីពី​ករណី​បុរស​ម្នាក់​រស់នៅ​ខេត្ត​ព្រៃវែង​X-ray ឃើញ​សត្វ​កន្លាត​មួយ​ក្បាល​នៅ​ក្នុង​ខ្លួន​។ ក្រសួង​សុខាភិបាល​បាន​ច្រាន​ចោល​ទាំងស្រុង នូវ​ការចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ហើយ​ចាត់​ទុក​ការផ្សាយ​នេះ បំផ្លើស​ពី​ការពិត និង​ធ្វើអោយ​មាន​ការ​ភ័ន្តច្រលំ​។

​​ក្រោយ​ការស្រាវជ្រាវ​ក្រសួង​បាន​រកឃើញថា អត្ថបទ​នេះ​បាន​ក្លែងបន្លំ​ខ្លឹមសារ​ពី​អត្ថបទ​ដើម ដែល​បាន​ចុះផ្សាយ​ហ្វេ​ក​ប៊ុក​មានឈ្មោះ Medecine Life -​ជីវិត​គ្រូពេទ្យ ដែល​ខ្លឹមសារ​បាន​សរសេរ​អំពី​សាច់​រឿង នៅ​ប្រទេស​​នី​ហ្សេ​រី​យ៉ា មិន​មែន​នៅ​មន្ទីរ​ខេត្ដ​ព្រៃវែង​នោះ​ឡើយ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បានអោយដឹងថា ម្ចាស់​ហ្វេ​សប៊ុក​ដែល​មានឈ្មោះ​ថា Theany Sara (​ធា​នី សា​រ៉ា​)  ជា​ម្ចាស់​គេហទំព័រ មើល កុំ​សាន បាន​សរសេរ​សុំទោស​ចំពោះ​ទង្វើ​របស់​គេ​ផងដែរ​។ ជាមួយគ្នា​នេះ​ក្រសួង​សុខាភិបាល បាន​ព្រមាន​ចំពោះ​ម្ចាស់​គេហទំព័រ​ហ្វេ​សប៊ុក ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​វិស័យ​សុខាភិបាល​កម្ពុជា ហើយ​ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ប្រសិន​បើ​ម្ចាស់​គេហទំព័រ​នេះ នៅតែ​បន្ត​ការផ្សព្វផ្សាយ​និង មិន​កែតម្រូវ​ទៅ​តាម​អត្ថបទ​ដើម​នៃ​សាច់​រឿង​នោះ​ទេ​។​

​គួរបញ្ជាក់​ថា នៅថ្ងៃនេះ​គេហទំព័រ​ដែល​មានឈ្មោះ​ថា មើល កុំ​សាន​(Merl Komsan) ដោយ​បាន​បង្ហោះ​រូបថត​X-ray មាន​ជាប់​សត្វ​កន្លាត​ដោយ​សរសេរថា បុរស​ម្នាក់​រស់នៅ​ខេត្ត​ព្រៃវែង ត្រូវបាន​លោក​វេជ្ជបណ្ឌិត​ប្រាប់ថា មាន​សត្វ​កន្លាត​មួយ​ក្បាល កំពុងតែ​រស់នៅ​ក្នុង​ខ្លួន​របស់​គាត់ ទើប​ធ្វើឲ្យ​គាត់​ចេះ​តែ​មានអា​ការៈឈឺ​ចុកចាប់​បែបនេះ ហើយ​តម្រូវ​ឲ្យ​គាត់​ទៅ​ព្យាបាល​នៅ​បរទេស​ថែមទៀត​ផង បន្ទាប់មក​បុរស​រូប​នោះ​បាន​លក់​ផ្ទះ និង​ខ្ចីលុយ​ធនាគារ​អស់​ជាច្រើន ដើម្បី​យក​លុយ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​។​វេជ្ជបណ្ឌិត​ឥណ្ឌា​បន្ទាប់ពី​បាន​ពិនិត្យ​រួច​មក បាន​ប្រាប់​ទៅ​បុរស​នោះ​វិញ​ថា សត្វ​កន្លាត​ដែល​បាន​ថត​នោះ​គឺ​នៅក្នុង​ម៉ាស៊ីន​ថត​X-ray​មិន​មែន​នៅ​ក្នុង​ខ្លួន​របស់​គាត់​ឡើយ​៕

ព័ត៌មានផ្សេងទៀត