ត្រឹម​១០​ថ្ងៃ មាន​អ្នក​ជិះ​រថភ្លើង​ទៅ​ព្រលានយន្តហោះ​ជិត​១៤០០០​នាក់​

21/04/2018 -  343

​គិត​ចាប់ពី​ថ្ងៃ​ទី​១០-១៩ មេសា ប្រជាពលរដ្ឋ​ចំនួន​១៣,៦៨១​នាក់ បាន​ធ្វើដំណើរ​តាម​ខ្សែ​រថភ្លើង ដែល​ធ្វើដំណើរ​ចេញពី​ស្ថានីយ៍​កណ្តាល​ក្រុងភ្នំពេញ ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី លោក លី បូរិន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន ទទួលបន្ទុក​ផ្លូវដែក​។​

​លោក លី បូរិន បាន​បញ្ជាក់​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០ ខែ​មេសា មាន​ភ្ញៀវ​ជិះ​ចំនួន​៥៣១​នាក់​, ថ្ងៃទី​១១ មាន​ចំនួន​៩៧០​នាក់​, ថ្ងៃទី​១២ មាន​ចំនួន​១១៤២​នាក់​, ថ្ងៃទី​១៣ មាន​ចំនួន​៩១៨នា​ក់​, ថ្ងៃទី​១៤ មាន  ចំនួន ១២៧៥​នាក់​, ថ្ងៃទី​១៥ មាន​ចំនួន​១៧៨៦​នាក់​, ថ្ងៃទី​១៦ មាន​ចំនួន ៣១៥៤​នាក់​, ថ្ងៃទី​១៧ មាន​ចំនួន​១៦៦៩​នាក់​, ថ្ងៃទី​១៨ មាន​ចំនួន​១២០០​នាក់ និង​ថ្ងៃ​ទី​១៩​មាន​ចំនួន ១០៣៦​នាក់​។​

​សូមបញ្ជាក់​ថា សម្រាប់​ការ​ដាក់ឲ្យ​ប្រើប្រាស់​ខ្សែ​រថភ្លើង ជា​បណ្តោះអាសន្ន​នេះ បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី​១០​ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​។​

​រថភ្លើង​ដឹក​អ្នកដំណើរ​នេះ ចំណាយ​ពេល​ប្រមាណ​៣០​នាទី ដោយ​រត់​លើ​ផ្លូវ​ប្រវែង​ជិត​១០​គីឡូ​ម៉ែត ក្នុង​ការដឹកជញ្ជូន​អ្នកដំណើរ ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ទៅ​ព្រលានយន្តហោះ និង​អាច​ផ្ទុក​អ្នកដំណើរ  រួមទាំង​អ្នក​អង្គុយ និង​អ្នក​ឈរ​ប្រមាណ ១០០​នាក់​៕

ព័ត៌មានផ្សេងទៀត