លោក​ពេជ្រ ស្រស់ ខឹងសម្បារ​លោក​តែម ម៉ឺន ជុំវិញ​រឿង​ឌឺដង​រវាង​កីឡាករ​ខ្មែរ​និង​ថៃ​

21/04/2018 -  154

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ប្រតិកម្ម និង​ខឹងសម្បារ លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ដែល​គ្រោង​នឹង​កោះហៅ​កីឡាករ​ប្រដាល់​កម្ពុជា ទៅ​ណែនាំ បន្ទាប់ពី​បាន​ឌឺដង ជាមួយ​កីឡាករ​ថៃ​មួយ​រូប នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ 

​ថ្មីៗ​នេះ សង្គ្រាម​ពាក្យសម្តី និង​ការ​ឌឺដង​គ្នា រវាង​កីឡាករ​ប្រដាល់​ជួរ​មុខ​កម្ពុជា ជាមួយ​កីឡាករ​ប្រដាល់​ថៃ Saensatharn បាន​ធ្វើឲ្យ​កក្រើក​ពាសពេញ​បណ្តាញ​សង្គម​។ ដើមចម នៃ​សង្គ្រាម​ពាក្យសម្តី​នេះ កើតឡើង​បន្ទាប់ពី​កីឡាករ​ថៃ Saensatharn បាន​បញ្ចេញ​ចរិក​អួត​ក្អេងក្អាង និង​បោះ​ពាក្យសម្តី​មើលងាយ ប្រមាថ​ដល់​កីឡាករ​កម្ពុជា​ថា​អន់ និង​ថា កីឡាករ កែវ រំ​ចង់​, រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា មួយ​ណា​ក៏​បាន​ដែរ រូបគេ​មិន​ខ្លាច​ទេ​។​

​យ៉ាងណាមិញ សម្រាប់​លោក តែម ម៉ឺន បាន​យល់ឃើញថា ការបោះ​ពាក្យសំដី​ឌឺដង លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់​កីឡាក​រថៃ Saensatharn គឺជា​រឿង​របស់​គេ តែ​បញ្ហា​ចំពោះមុខ​កីឡាករ​កម្ពុជា មិនគួរ​គប្បី​ទៅ​ឆ្លងឆ្លើយ​ចំពោះ​ទង្វើ ដែល​មិន​ស័ក្តិសម​ជា​អ្នកកីឡា​នេះឡើយ​។ ហេតុនេះ​សហព័ន្ធ​នឹង​ប្រជុំពិភាក្សា​ជាមួយ​ក្រុម​គណៈកម្មការ​វិន័យ ដើម្បី​កោះហៅ​កីឡាករ​កម្ពុជា​មក​ណែនាំ​។​

​ជុំវិញ​បញ្ហា​នេះ បាន​ធ្វើឲ្យ លោក ពេជ្រ ស្រស់ ប្រតិកម្ម និង​បាន​បន្ទោស លោក តែម ម៉ឺន ថា​មិន​បាន​ជួយ​លើកទឹកចិត្ត​ដល់​កីឡាករ​ខ្មែរ​។ លោក​ពេជ្រ ស្រស់ បាននិយាយលើបណ្តាញសង្គមហ្វេសប៊ុក បញ្ហា​នេះ គួរតែ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ស្នើ​សហព័ន្ឋ​កីឡា​ប្រទេស​ថៃ​ឲ្យ​ណែនាំ ដល់​កីឡាករ​របស់ខ្លួន ដែល​ល្មើស​វិន័យ​ជា​កីឡាករ មិនមែន​មក បំបាក់ទឹកចិត្ត​កីឡាករ​ជាតិ​សាសន៍​ខ្លួន​បន្ថែម​នោះ​ទេ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត