ជា​រឿង​​ប្រវត្ដិសាស្ដ្រ​​នៅ​PL​​គឺ​Man City​​បញ្ជូន​បាល់​​ជាង​១​ពាន់​ដង​​ក្នុង​មួយ​ប្រកួត​

23/04/2018 -  147

Manchester City ក្លាយជា​ក្រុមទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ Premier League ដែល​បាន​បញ្ជូន​បាល់​ដល់​ទៅ​១,០១៥​ប៉ះ​ក្នុង​មួយ​ប្រកួត អំឡុង​ជ័យជម្នះ​៥-០​លើ Swansea យប់​ថ្ងៃអាទិត្យ​ទី​២២​ខែមេសា​ឆ្នាំ​២០១៨​។​
​ក្រុម​លោក​Pep Guardiola បាន​គ្រប់គ្រង​បាល់​៨៣% និង​បញ្ជូន​បាល់​ជោគជ័យ​៩២% ក្នុងចំណោម​ជាង​១​ពាន់​ប៉ះ​នោះ​។ នេះ​ជា​លើក​ទី​១​ហើយ​តាំងពី​ប្រព័ន្ធ​Opta ត្រូវបាន​ដាក់​ប្រើ​ក្នុង​ឆ្នាំ​២០០៣​មក ដែល​ក្រុម​មួយ​ក្នុង​លី​គ​កំពូល​អង់គ្លេស បញ្ជូន​បាល់​ឱ្យ​គ្នា​ជាង​១​ពាន់​ដង​។​

​តាំងពី​លោក Pep ចូល​ដឹកនាំ Man City បាន​កាន់​កំណត់ត្រា​ជា​ក្រុម​ដែល​បញ្ជូន​បាល់​ច្រើនដង​ជាងគេ​បំផុត​ក្នុង​មួយ​ប្រកួត តាំងពី​លេខ​១​រហូតដល់​លេខ​៥ សុទ្ធតែជា​កំណត់ត្រា​របស់ Man City និង​កើតឡើង​ក្នុង​រដូវ​កាល​២០១៧-១៨​នេះ​ទាំងអស់​។​

​ដោយឡែក ជ័យជម្នះ​៥-០​យប់មិញ​បានមកពី​ការ​ស៊ុត​របស់ David Silva, Raheem Sterling, Kevin de Bruyne, Bernardo Silva និង Gabriel Jesus​។​

Man City ត្រូវការ​៦​ពិន្ទុ​ទៀត​ពី​ការប្រកួត​៤​ដង​ចុងក្រោយ​ដើម្បី​បំបែក​កំណត់ត្រា​ពិន្ទុ​ដែល​រកបាន​ដោយ Chelsea (៩៥​ពិន្ទុ​) ក្នុង​រដូវ​កាល​២០០៤-០៥ និង​ធ្វើឱ្យ​ពួកគេ​ខិត​កាន់តែ​កៀក​ទៅ នឹង​ការ​ក្លាយ ជា ក្រុមទី​១​នៅ Premier League ដែល​រកបាន​១០០​ពិន្ទុ​។ ពួកគេ​ក៏​អាច​បំបែក​កំណត់ត្រា​ឈ្នះ​ច្រើនដង​បំផុត​ក្នុង​មួយ​រដូវ​កាលដែល Chelsea ឈ្នះ​៣០​ប្រកួត​ក្នុង​រដូវ​កាល​២០១៦-១៧ និង​រកបាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល ដែល​Chelsea រកបាន​១០៣​គ្រាប់​ក្នុង​រដូវ​កាល​២០០៩-១០៕

ព័ត៌មានផ្សេងទៀត