ធនាគារពិភពលោក​ផ្តល់ប្រាក់​ហិរញ្ញប្បទាន​៩០​លាន​ដុល្លារ​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា​

28/04/2018 -  108

​ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ របស់​ធនាគារ​ពិភពលោក (World Bank) បានអនុម័ត​ហិរញ្ញប្បទាន ក្នុង​ទឹកប្រាក់​ចំនួន ៩០​លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា ដើម្បី​ពង្រឹង​គុណភាព​វិស័យ​អប់រំ​។ 

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារ​ពិភពលោក កាលពី​ថ្ងៃ​ទី​២៧ មេសា បាន​ដកស្រង់​សម្តី លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ថ្លែង​ស្វាគមន៍​នូវ​ការគាំទ្រ របស់​ធនាគារ​ពិភពលោក សម្រាប់​ឧត្តមសិក្សា និង​ការងារ​ស្រាវជ្រាវ ដែល​ស្របគ្នា​ល្អ​ណាស់ ជាមួយនឹង​បណ្តា​អាទិភាព នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ របស់​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា «​គម្រោង​នេះ នឹង​ជួយ​យើង​ក្នុង​ការឈាន​ទៅ បង្កើត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ សម្រាប់​ការអភិវឌ្ឍ​ឧត្តមសិក្សា ដើម្បី​ជួយ​ឲ្យ​និស្សិត​កម្ពុជា ដែល​បញ្ចប់​ការសិក្សា មាន​សមត្ថភាព​អាចឆ្លើយតប ទៅនឹង​តម្រូវការ​កាន់តែខ្លាំង​ឡើង របស់​ទីផ្សារការងារ និង​ឱកាស​កាន់តែ​ច្រើន សម្រាប់​ធ្វើការ​ចល័ត​ទី និង​ផ្ទេរ​បច្ចេកវិទ្យា នៅក្នុង​រង្វង់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​លើសពី​តំបន់​នេះ​ទៅទៀត​»​។​

​សេចក្តីប្រកាស​ព័ត៌មាន ក៏​បាន​ស្រង់​សម្តី​លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា ដោយ​បាន​ថ្លែងថា «​ការកសាង​សមត្ថភាព​ស្រាវជ្រាវ មាន​គុណភាព​ខ្ពស់​មួយ និង​ការត្រៀម​ឲ្យ​និស្សិត ដែល​បញ្ចប់​ការសិក្សា​នៅ​ឧត្តមសិក្សា ទៅ​មាន​ជំនាញ​ខ្ពស់ គឺជា​អាទិភាព​មួយ​សម្រាប់​កម្ពុជា និង​ធនាគារ​ពិភពលោក​។ ការចាប់ផ្តើម​សកម្មភាព​ពី​ពេល​នេះ​តទៅ អាច​ជួយ​កម្ពុជា​មានភាព​ឈានមុខ​ក្នុង​ទុន​មនុស្ស និង​ពង្រឹង​ប្រសិទ្ធភាព​នៅក្នុង​ឧត្តមសិក្សា​»​។​

​លោកស្រី បាន​ថ្លែង​បន្ថែមទៀតថា «​គម្រោង​នេះ នឹង​ជួយ​បន្ត​នូវ​សមិទ្ធផល​នានា ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បាន​នា​ពេលកន្លងមក ក្នុង​ការកសាង​សមត្ថភាព​របស់​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ របស់​ទីផ្សារ​ដែល​មាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​»៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត