សមត្ថកិច្ច​ឆ្មក់​​ចូល​ក្លឹប​“​បុរស​-Men”​ក្រោយ​មាន​ករណី​​ក្មេង​៣​នាក់​ពុល​ថ្នាំ​គ្រវី​

30/04/2018 -  101

​បើ​តាម​ការបញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៩ មេសា កម្លាំង​សមត្ថកិច្ច​ក្រុងព្រះសីហនុ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ឆ្មក់​ចូល​ក្លឹប បុរស “Men” តាម​ដីការ​ឆែកឆេរ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។ ក្នុង​ប្រតិបត្តិការ​នោះ បាន​ឃាត់ខ្លួន​បុគ្គលិក​ម្នាក់ និង​បាន​ធ្វើ​តេស្ត​ទឹកនោម​បុគ្គលិក​ដទៃ​ផ្សេងទៀត ប៉ុន្តែ​ពួកគេ​ទាំងនោះ​មិន​មាន​ជាប់​ពាក់ព័ន្ធ សារធាតុ​ញៀន​នោះទេ​។ 

​ការ​ឆ្មក់​ចូល​ទីតាំង​ក្លឹប​ខាងលើនេះ ធ្វើឡើង​បន្ទាប់​ពី​មាន​ក្មេងប្រុស​៣​នាក់ មាន​អា​ការៈទន់ខ្លួន រ​វ៉េ​ក​រវ៉ក និយាយ​ច្រើន ខុស​ពី​ធម្មតា ក្រោយពី​ត្រូវ​បាន​បុរស​ម្នាក់​លាយ​ទឹកក្រូច​ជាមួយ​ថ្នាំ​ប្រភេទ​ម្យ៉ាង​ឲ្យ​ផឹក​។​

​លោក​ជួន ណា​រិន្ទ បានបញ្ជាក់​ថា សម្រាប់​ការធ្វើ​តេស្ត​ទឹកនោម ចំពោះ​យុវជន​ដែល​យក​ថ្នាំ​លាយ​ឲ្យ​ក្មេ​ងផឹក និង​ក្មេង​ទាំង​៣​នាក់​នោះ គឺ​រក​ឃើញ​ថា ពួកគេ​បាន​ផឹកទឹក​មាន​លាយ​សារធាតុ «BAMA» ដែល​ជា​ប្រភេទ​ថ្នាំ​សប្បាយ​។​

​បើ​តាម​ឆ្លើយ​សារភាព​របស់ ឈ្មោះ វ៉ាន់ វុត្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែលជា​អ្នក​លាយថ្នាំ ជាមួយ​ទឹកក្រូច ឲ្យ​ក្មេងៗ​ទាំង​៣​នាក់​ផឹក បានឲ្យដឹងថា នៅវេលា​ម៉ោង​១២ រំលង​អាធ្រា​ត្រ ថ្ងៃទី​២៧ មេសា រូបគេ​បាន​យក​សំរាម ទៅ​បោះចោល​នៅក្រៅ​ក្លឹប ពេល​ត្រឡប់​មក​វិញ ក៏​ប្រទះឃើញ​ដប​ពណ៌​មាស​មួយ​ដប ដោយ​ស្មានថា​ជា​គ្រាប់កាំភ្លើង ប៉ុន្តែ​ពេល​រើសយក​មក ទើប​ដឹងថា មិនមែន​គ្រាប់កាំភ្លើង​នោះទេ រូបគេ​ក៏​បាន​ក្រឡុក​មើលឃើញថា មានទឹក​ពណ៌​ស្វាយ សង្ស័យថា ជា​ថ្នាំ​គ្រវី ក៏​យក​ទុក​សម្រាប់​សាក​ខ្លួនឯង​។​

​ជនសង្ស័យ​រូបនេះ បន្តថា លុះ​ពេល​មកដល់​ផ្ទះ រូបគេ​បាន​ទិញ​ភេសជ្ជៈ​ដើម្បី​លាយ​ជាមួយ​ទឹក​ពណ៌​ស្វាយ​នោះ ដើម្បី​ផឹក​។ ផឹក​បាន​បន្តិច ក៏​មាន​ក្មេងៗ​៣​នាក់ ដើរ​មក​ជិត​រូបគេ ហើយ​សុំ​ផឹក​ទឹកក្រូច​នោះ​ផឹក ហើយ​រូបគេ​ក៏​បាន​ឲ្យ​ពួកក្មេងៗ​នោះ​ផឹក​។​

​សូមបញ្ជាក់​ថា ក្មេងប្រុស​រងគ្រោះ​ទាំង​៣​នាក់ បាន​ធូរស្បើយ​វិញ​ហើយ ត្រូវបាន​ឪពុក​ម្តាយ​យក​ទៅ​លំនៅ​ដាន​រៀងៗ​ខ្លួន​វិញ​។ ក្មេង​ទាំង​៣​នោះ​មាន ឈ្មោះ ឆន ឆវិន ភេទ​ប្រុស អាយុ​១០​ឆ្នាំ​, ទី​២៖​ឈ្មោះ សូ រតនា ភេទ​ប្រុស អាយុ​៨​ឆ្នាំ និង​ទី​៣៖​ឈ្មោះ សូ រិទ្ធី ភេទ​ប្រុស អាយុ​៧​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត