៦ឆ្នាំបង្ហោះសារច្រើនជាង១៥០០ ផ្ញើរម្តាយដែលចែកឋាន

07/05/2018 -  134

Lulu តែងតែនិយាយទៅកាន់អ្នកម្តាយរបស់នាង តាមរយៈបណ្តាញទំនាក់ទំនងសង្គម Weibo អស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែនាងដឹងច្បាស់ណាស់ថា នឹងគ្មានការឆ្លើយតបមកនាងវិញឡើយ។

Lulu កើតនៅអំឡុងឆ្នាំ១៩៨០ នៅខេត្តលៀវនីញ ប្រទេសចិន បានបាត់បង់អ្នកម្តាយរបស់នាងជារៀងរហូតទៅ នៅខែមិថុនាឆ្នាំ២០១២។

សារដំបូងរបស់នាងនៅលើបណ្តាញ Weibo គឺបង្ហោះឡើងនៅ១០ថ្ងៃក្រោយមរណៈភាពអ្នកម្តាយរបស់នាង។

នាងសរសេរថា«អ្នកម្តាយ ខ្ញុំមិនបានជួបអ្នកម្តាយយូរមកហើយ។ ជារយៈពេលយូរណាស់ លើកលែងតែថ្ងៃចេញដំណើរទៅ ធ្វើការនៅក្រៅស្រុក។ ខ្ញុំនឹងនិយាយ ទៅកាន់អ្នកម្តាយ បែបនេះរហូតទៅដូចដែលខ្ញុំធ្លាប់ធ្វើ រហូតដល់ថ្ងៃដែលខ្ញុំចាកចេញពីផែនដីនេះទៅ»។

Lulu ប្រាប់ថា នាងធ្លាប់និយាយជាមួយម្តាយនាង ៣ទៅ៤ដងក្នុងមួយថ្ងៃ ពេលអ្នកម្តាយនាងនៅមានជីវិត។ នាងនឹកម្តាយខ្លាំង ដូច្នេះនាងសម្រេចចិត្ត បន្តការសន្ទរនានៅលើបណ្តាញ Weibo អោយដូច នាងនិយាយជាមួយម្តាយ។ ចាប់ពីពេលនោះតមក Lulu តែងតែបង្ហោះសារនៅលើបណ្តាញ Weibo ។

អ្វីដែលនាងបង្ហោះ គឺជាអ្វីដែលបានកើតឡើង នៅថ្ងៃនោះផ្ទាល់ ឬជាការចងចាំដែលនាងមានជាមួយនិងអ្នកម្តាយរបស់នាង។ គ្រប់សារដែលនាងបង្ហោះ គឺផ្ញើរទៅអោយអ្នកម្តាយរបស់នាង។

អំឡុងពេល៦ឆ្នាំ Lulu បានបង្ហោះសារលើបណ្តាញ Weibo បានចំនួន១៥៥៣ ហើយសារទាំងនោះ ធ្វើអោយអ្នកគ្រប់គ្នា នៅលើបណ្តាញអនឡាញរញ្ជួយចិត្តជាខ្លាំង រហូតដល់មានមនុស្ស៩១៨៤៩ ក្លាយជាអ្នកគាំទ្រនាងលើបណ្តាញ Weibo។

គ្រប់គ្នា ដែលបានអានសាររបស់ Lulu បង្ហោះសារលើបណ្តាញ Weibo សុទ្ធតែនិយាយថា មិនអាចទប់ទឹកភ្នែកបាន។ Lulu សារភាពថា នាងមានការសោកស្តាយជាច្រើន។ នាងនៅចាំបាន ពីភាពឆេវឆាវរបស់នាង នៅពេលម្តាយរបស់នាង អោយនាងបង្រៀនពីវិធីប្រើទូរស័ព្ទដៃទំនើបស្មាតហ្វូន ឬបដិសេធនៅពេលម្តាយនាង ចង់ទៅផ្សារទំនើបជាមួយនាង។

Lulu បង្ហាញនូវក្តីសង្ឃឹមថា សាររបស់នាងលើបណ្តាញ Weibo អាចរំលឹកដល់ប្រិយមិត្ត អោយចេះយល់ និងរីករាយ នៅពេលវេលានៅក្បែរអ្នកម្តាយ។

ពាក្យមួយឃ្លាដែលអាចចងចាំបាន« ប្រហែលមិនមែនឳពុកម្តាយរបស់អ្នក មិនយល់ពីអ្នកទេ ប៉ុន្តែអ្នកទេ ដែលមិនផ្តល់ឱកាស អោយពួកគាត់បានយល់ពីអ្នក។ ដូច្នេះសូមទំលាក់ទូរស័ព្ទចុះ ហើយចំណាយពេលវេលាមានតម្លៃនៅជាមួយឳពុកម្តាយអ្នក»។

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត