ពេលនេះ អ្នកស្លាប់​កើន​ដល់​១៣​នាក់​និង​ជាង​២០០​នាក់​កំពុង​ព្យាបាល​

07/05/2018 -  335

​អ្នក​ស្លាប់​ក្នុង​ករណី​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក នៅ​ឃុំ​កន្តួ​ច ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​កើនឡើង​ដល់​១៣​នាក់​ហើយ ខណៈ​ជាង​២០០​នាក់​ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​០៧ ឧសភា​នេះ​។ 

​បើ​តាម​របាយការណ៍​ប​ឋ​ម​របស់​ក្រសួង​សុខាភិបាល ឲ្យដឹងថា អ្នក​ស្លាប់​ទាំងនោះ មាន​អាយុ​ពី​២៤-៧៣​ឆ្នាំ បន្ទាប់​មាន​អា​ការៈឈឺ​ពោះ​, ក្អួតចង្អោរ​, ឈីក​, អស់កម្លាំង​, ទន់ដៃទន់ជើង​, វិលមុខ និង​ថប់ដង្ហើម​។ 
​តាមរយៈ​ការពិសោធន៍ ចំពោះ​អ្នកជំងឺ​មាន​អាការៈ​ធ្ងន់ធ្ងរ ដែល​បាន​បញ្ជូន​មក មន្ទីរពេទ្យ​កាល់ម៉ែត គឺ​មាន​រោគសញ្ញា​ពុល​ស្រា ដែល​មាន​ជាតិ​មេ​តា​ណុល​ខ្ពស់​។  

​លទ្ធផល​នៃ​ការពិនិត្យ​របស់​មន្ទីរ​ពិសោធ​ន៏​ជាតិ  សុខាភិបាល លើ​សំណាក​ស្រា​មួយ​ចំនួន​ដែល​ក្រុមការងារ បាន​ផ្ញើរ​មកពី​ភូមិ​ពាក់ព័ន្ធ បានបង្ហាញ​ថា ស្រា​ទាំងនោះ មាន​ផ្ទុក​ជាតិ​មេ​តា​ណុល​ខ្ពស់ ដែល​ធ្វើឲ្យពុល​។ ដោយឡែក​ការវិភាគ​សំណាក​ទឹក ដែល​ផ្ញើ​មកពី​ភូមិ​ពាក់ព័ន្ធ​ពុំទាន់​ទទួលបាន​លទ្ធផល​នៅ​ឡើយ​។ 

​របាយការណ៍ បានឲ្យដឹង​ទៀតថា វិធានការ​ដែល​បាន​ដាក់ចេញ របស់​អាជ្ញាធរ​មូលដ្ឋាន​រួមមាន​៖ ១) ការបញ្ឈប់​ការបិត​និង​លក់​ស្រាស ក្នុង​មូលដ្ឋាន​។ ២) បំរាម​ប្រជាជន​ក្នុងភូមិ​កុំ​អោយ​ប្រើប្រាស់​ទឹកអូរ​ក្នុង​តំបន់​សង្ស័យ និង​ជួយ​ដឹក​ទឹកស្អាត​ផ្គត់ផ្គង់​ដល់​អ្នកភូមិ​។ ៣) អប់រំ អនាម័យ រស់នៅ និង​ហូបចុក ដល់​ប្រជាជន​ក្នុងភូមិ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត