នារី​រូប​ស្រស់​សម្លាប់​សត្វព្រៃ​ធ្វើម្ហូបបង្ហោះ​លើ​Youtube កំពុង​ប្រឈម​នឹង​ផ្លូវ​ច្បាប់​

09/05/2018 -  280

​រូបភាព និង​វីដេអូ​នារី​វ័យក្មេង​ម្នាក់ ដែល​សម្លាប់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ យក​ធ្វើជា​ម្ហូប​ហើយ​បង្ហោះ​តាម​Facebook និង Youtube កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន ព្រោះ​បាន​បង្ហាញ​ពី​ភាព​សាហាវ​ព្រៃផ្សៃ គ្មាន​ក្រមសីលធម៌ (​សម្លាប់​សត្វ​) និង​ការវិនាស​ហិនហោច​នៃ​សត្វព្រៃ​។​

​ឆ្លើយតប​នឹង​ប្រតិកម្ម ពី​មហាជន​បែបនេះ លោក សៅ សុភាព អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ នៅ​ថ្ងៃ​ទី​០៩ ឧសភា​នេះ​ថា ក្រសួង​បរិស្ថាន​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ដោយ​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត ដើម្បី​ឈានដល់​ការចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​លោក សៅ សុភាព បាន​បន្ថែមថា មិន​ត្រឹមតែ​ចាត់វិធានការ ចំពោះ​នារី​រូប​នេះ​នោះ​ទេ គឺ​នៅ​មាន​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​។ ជាមួយគ្នានេះ ក្រសួង​បរិស្ថាន ក៏​នឹង​ស្នើ​ទៅ​ខាង ក្រុមហ៊ុន​Youtube ដើម្បី​ដក​វីដេអូ​ទាំងនេះ​ចេញផងដែរ​។​

​សូមបញ្ជាក់​ថា នារី​វ័យក្មេង​រូប​ស្រស់​ខាងលើនេះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​គ្រាន់តែ​ដឹងថា រូបនាង បាន​បង្កើត​ទំព័រ Youtube មួយ​ឈ្មោះ «Natural Life TV» ដើម្បី​បង្ហោះ​វីដេអូ នៃ​ការ​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ ធ្វើ​ជា​ម្ហូប​។ ការ​បង្ហោះ​នេះ គឺ​មាន​គោលបំណង​ស្វែងរក​ចំនួន​អ្នកទស្សនា​បាន​ច្រើន ដើម្បី​ទទួលបាន​ប្រាក់​ចំណូល​ពី​ក្រុមហ៊ុន​Youtub៕

ព័ត៌មានផ្សេងទៀត