៣​ថ្ងៃ​ទឹកស្អាត​រាប់ម៉ឺន​លីត្រ​ត្រូវបាន​ផ្គត់ផ្គង់​នៅ​តំបន់​ពុល​សារធាតុ​គីមី​នៅខេត្តក្រចេះ​

10/05/2018 -  230

​ក្រោយ​ផ្ទុះ​ករណី​ពុល​ស្រា និង​សង្ស័យ​ពុល​ទឹក នៅ​ឃុំ​កន្តួ​ច ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​រយ​នាក់​រួច​មក លោក​ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជា​ឲ្យ​ក្រុម​មន្ត្រី​ចុះ​ផ្គត់ផ្គង់​ទឹក​ស្អាត ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​នេះ​។​

​ត្រឹម​រយៈ​៣​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​០៨ ឧសភា​មក ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ទឹក​ពិសារ​បរិសុទ្ធ ចំនួន​រាប់ម៉ឺន​លីត្រ ត្រូវបាន​យក​ទៅ​ផ្គត់ផ្គង់ ដល់​បងប្អូន​ប្រជាពលរដ្ឋ រាប់សិប​គ្រួសារ រស់នៅ​តំបន់​ដែល​កំពុង​រងគ្រោះ​។ ការចុះ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ធ្វើឡើង​ដោយ​មាន​កិច្ចសហការ​រវាង​ក្រសួង​ឧស្សាហកម្ម និង​ក្រុមហ៊ុន​ផលិត​ទឹក​ឯកជន​។​

​សូមបញ្ជាក់​ថា ក្រោយ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ស្លាប់ ដោយសារ​ការពុល វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​ធ្វើតេស្ត​វិភាគ​ទៅលើ​ទឹក​ព្រែក​ទេ និង​ស្រាស ដោយ​រក​ឃើញ​មាន​សារធាតុ​គីមី​។​

​ជុំវិញ​លទ្ធផល​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើប្រាស់​ទឹក​ព្រែក​ទេ និង​ទឹក​តាម​ដៃ​ព្រែក​ទេ ជា​បណ្តោះអាសន្ន​សិន ដោយ​រង់ចាំ​ក្រុម​មន្ត្រី​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ ស្រាវជ្រាវ ទៅ​រក​ស្ថានភាព​ដើម​វិញ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត