ការស្ទាបស្ទង់មតិបង្ហាញថា នៅប្រទេសចិនមានមនុស្សចាស់រីករាយកាន់តែច្រើន

17/05/2018 -  336

ប៉េកាំង៖ យោងតាមការស្ទាបស្ទង់មតិ លើស្ថានភាពរស់នៅរបស់មនុស្សចាស់រស់នៅទីប្រជុំជន និងទីជនបទរបស់ប្រទេសចិន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ អោយដឹងថា នៅប្រទេសចិន មានមនុស្សចាស់កាន់តែច្រើនឡើង និយាយថា ពួកគេ រស់នៅក្នុងជីវិតរីករាយ។

តាមរបាយការណ៍មជ្ឈមណ្ឌលស្រាវជ្រាវ លើមនុស្សចាស់ប្រទេសចិន ការស្ទាបស្ទង់មតិ ធ្វើឡើងលើមនុស្សចាស់ប្រមាណជា២២២,៧០០នាក់ មានអាយុចាប់ពី៦០ និងលើសពីនេះ នៅទូទាំងប្រទេស។ គណៈកម្មាធិការជាតិចិន ធ្វើការស្ទាបស្ទង់មតិ ធ្វើឡើងនៅរៀងរាល់៥ឆ្នាំម្តង ចាប់តាំងពីឆ្នាំ២០០០ ហើយការស្ទាបស្ទង់មតិចុងក្រោយបំផុត ធ្វើឡើងនៅឆ្នាំ២០១៥។

លទ្ធផលស្ទាបស្ទង់មតិដែលទទួលបាននៅឆ្នាំ២០១៥ គឺ មនុស្សចាស់ ៦០,៩ភាគរយ និយាយថា ពួកគេមានអារម្មណ៍រីករាយ ដែលជាចំនួនកើនឡើង បើធៀបនឹងឆ្នា២០០០ដែលមានត្រឹមតែ៤៨,៨ភាគរយ។ បន្ថែមលើនេះ ការស្ទាបស្ទង់មតិអោយដឹងថា បុរសវ័យចំណាស់ មានអារម្មណ៍រីករាយច្រើនជាងស្ត្រីវ័យចំណាស់ ហើយមនុស្សចាស់រស់នៅទីក្រុង មានអារម្មណ៍រីករាយច្រើនជាងមនុស្សចាស់ នៅតំបន់ជនបទ។

ការស្ទាបស្ទង់មតិ ក៏បង្ហាញផងដែរថា មនុស្សចាស់ដែលទទួលបានការអប់រំខ្ពស់ រីករាយជាងអ្នកមានការអប់រំទាប ដែលគេឃើញថា មនុស្សចាស់ មិនទទួលបានការអប់រំនិយាយថា ពួកគេរីករាយ មានត្រឹមតែ៥២,១ភាគរយប៉ុណ្ណោះ ចំណែកមនុស្សចាស់ដែលទទួល បានការសិក្សា ខ្ពស់និយាយថា ពួកគេរីករាយមានចំនួនដល់ទៅ៨៤ភាគរយ។

ការស្ទាបស្ទង់មតិបង្ហាញផងដែរថា នៅពេលមនុស្សកាន់តែចាស់ ពួកគេមិនសូវរីករាយ ឡើយ។ ក្នុងអាយុចាប់ពី៦០ ទៅ៦៤ឆ្នាំ មានប្រហែលជា៦២,៣ភាគរយ និយាយថា ពួកគេរីករាយ។ ចំណែកក្រុមមនុស្សអាយុ៨៥ឆ្នាំ និងលើសនេះ បានធ្លាក់ចុះមកនៅតែ៥៥,៧ភាគរយ ប៉ុណ្ណោះ។

អ្វីដែលគួរអោយកត់សម្គាល់ ភាពរីករាយរបស់មនុស្សវ័យចំណាស់ មានទំនាក់ទំនង ទៅនឹងស្ថានភាពគ្រួសារ នៅលីវ រៀបការ ឬលែងលះ ហើយនិងទំនាក់ទំនងជាមួយកូនចៅ រួមនិងស្ថានភាពសុខភាព និងហិរញ្ញវត្ថុ។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត