ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​៤​ប្រភេទ ត្រូវាបាន​ក្រសួង​សុខាភិបា​លហាម​មិនឲ្យ​ប្រើប្រាស់​

13/06/2018 -  168

​កាលពី​ថ្ងៃ​ទី​១១ មិថុនា ក្រសួង​សុខាភិបាល ប្រកាស​ចាត់​វិធាន​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​Facebook ទាំងឡាយណា ដែល​បាន​ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស SUPE STORM ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ឆិកា​គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួង​។​

​បន្ថែម​លើ សេចក្តីប្រកាស​ពី​ចំណាត់ការ​ចំពោះ​ការផ្សព្វផ្សាយ លក់ ឬ​ចែកចាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស SUPE STORM ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ផ្សេងទៀត ដល់​សារ​ធា​រណៈ​ជន ដោយបាន​ហាមប្រាម​ការទិញ លក់​ឬ​ចែកចាយ ប្រភេទ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ចំនួន​៣​ប្រភេទ​បន្ថែមទៀត​គឺ TONIGUE,  PLUS FORT ,GOLD ANT USA  ដែល​គ្មាន​ចុះ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ដែរ​។​
​តាមរយៈ​សេចក្តីប្រកាស​ពី​ក្រសួង បានឱ្យដឹង​ថា​ឱសថ​បំប៉ន​ផ្លូវភេទ​ទាំង​៤​ប្រភេទ​នេះ ជា​ផលិតផល​ដែល​គ្មាន​អាសយដ្ឋាន​គ្រឹះស្ថាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ផ្សព្វផ្សាយ​ពី​ក្រសួង​។ មិនតែប៉ុណ្ណោះ​ឱសថ​ប្រភេទ​នេះ បាន​ផ្សព្វផ្សាយ​អួតអាង បំផ្លើស​ហួស​ពី​ការពិត ដូច្នេះ​ហើយ​ដើម្បី​ចៀសវាង ពី​ការខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានទៅដល់​ការបាត់បង់​អាយុជីវិត ដោយសារ​ប្រើប្រាស់​ឱសថ​ទាំងនេះ ក្រសួង​អំពាវ​នា​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់​។​

​ជាមួយគ្នានេះដែរ ក្រសួង​សុខាភិបាល​នឹង​ចាត់​វិធានការ​យ៉ាង​តឹងរឹង​ទៅតាម​ច្បាប់​លើ​ម្ចាស់​គណនី​យ​ហ្វេ​ស​បុក ដែល​នាំចូល ផ្សព្វផ្សាយ​លក់ ចែកចាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ទាំង​៤​ប្រភេទ​នេះ ទៅតាម​ច្បាប់​វិសោធនកម្ម និង​ច្បាប់​គ្រប់គ្រង​ឱ​សថន​ជា​ធរមាន​។ ក្នុងករណី​ដែល​បាន​ជួបប្រទះ ឃើញ​មាន​ការលក់ ប្រើប្រាស់ ឬ​ចែកចាយ ត្រូវ​ប្រញាប់​ផ្តល់ព័ត៌មាន​ជា​បន្ទាន់​ដល់​នាយកដ្ឋាន​ឱសថ ចំណីអាហារ​បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង​នៃ​ក្រសួង​សុខាភិបាល​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅ ក្រសួង​សុខាភិបាល ក៏​បាន​ប្រកាស ឱ្យ​បញ្ឈប់​នូវ​ការផ្សព្វផ្សាយ​លក់ ឱសថ​បំប៉ន​ផ្លូវភេទ​បុរស​ចំនួន​៣​គឺ BLUE ,TITAN GEL ,PASSION tongkat Ali រួចមកហើយ​ដែរ​៕

ព័ត៌មានផ្សេងទៀត