ក្រសួង​អប់រំ​ចេញ​តារាង​កាលវិភាគ​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨

06/07/2018 -  660

​កាលវិភាគ សម្រាប់​ការប្រឡង បាក់​ឌុប​ត្រូវបាន​ក្រសួង​អប់រំ បង្ហាញ​នៅ​ថ្ងៃទី ៥ កក្កដា ដែល​បាន​បែងចែក​ជា​ពីរ​ថ្នាក់ គឺ​ថ្នាក់​វិទ្យាសាស្ត្រ  និង​វិទ្យាសាស្ត្រ​សង្គម​។ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ មាន​៧​វិញ្ញាសា រួមមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា​។ 

​តាម​ទំព័រ​ហ្វេ​សប៊ុក​ក្រសួង​អប់រំ បាន​បញ្ជាក់​ឱ្យដឹងថា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ នៅ​ថ្ងៃ​ទី ២០ សីហា បេក្ខជន​ទាំងអស់ នឹង​ត្រូវ​ប្រឡង​លើ​វិញ្ញាសា ប្រវត្តិវិទ្យា និង ជីវវិទ្យា នៅ​ពេល​ព្រឹក និង​ពេល​រសៀល មាន​វិញ្ញាសា គីមីវិទ្យា និង​ភាសាបរទេស​។ ចំណែក​ថ្ងៃទី ២១ សីហា នឹង​ប្រឡង​លើ​វិញ្ញាសា អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា នៅ​ពេល​ព្រឹក និង​ពេល​រសៀល មាន​វិញ្ញាសា គណិតវិទ្យា ដែល​ជា​វិញ្ញាសា​ចុង​ក្រោយ​សម្រាប់​ការប្រឡង​។​

​រីឯ​បេក្ខជន ដែល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម នៅ​ថ្ងៃ​ទី ២០ សីហា នឹង​ត្រូវ​ប្រឡង​លើ​វិញ្ញាសា ផែនដី​-​បរិស្ថាន​វិទ្យា និង ប្រវត្តិវិទ្យា  នៅ​ពេល​ព្រឹក និង​ពេល​រសៀល មាន​វិញ្ញាសា ភូមិវិទ្យា និង​ភាសាបរទេស​។ ចំណែក​ថ្ងៃទី ២១ សីហា នឹង​ប្រឡង​លើ​វិញ្ញាសា គណិតវិទ្យា និង​សីលធម៌​-​ពលរដ្ឋ​វិជ្ជា នៅ​ពេល​ព្រឹក និង​ពេល​រសៀល មាន​វិញ្ញាសា អក្សរសាស្ត្រ​ខ្មែរ​។​

​គួរ​បញ្ជាក់ដែរថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម្រាប់​ឆ្នាំ​សិក្សា​២០១៨​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២០-២១ ខែ​សីហា​។ ហើយ​ក្នុង​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​បេក្ខជន សរុប​ទាំងអស់ ១១៧០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥ ចែកចេញ​ជា ៤៧១៧ បន្ទប់​នៅ​រាជធានី និង​ខេត្ត​ទាំង​២៥៕


ព័ត៌មានផ្សេងទៀត