ថៃ នឹងជម្លៀសក្មេងៗចេញពីរូងភ្នំឆាប់ៗនេះ

08/07/2018 -  324

ប្រទេសថៃ៖ បើគិតពីការថ្លែងសន្និសិទកាសែតពីថ្ងៃសៅរ៍ ដែលប្រធានក្រុមសង្គ្រោះនិយាយថា ស្ថានភាពជាច្រើនល្អប្រសើរ នៅ៣ទៅ៤ថ្ងៃខាងមុខ អាចជម្លៀសក្មេងៗចេញពីក្នុងរូងភ្នំបាន ឃើញថា ការជម្លៀសក្មេងៗ អាចធ្វើឡើងនៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារ។

ប្រធានបេសកកម្មសង្គ្រោះកាលពីថ្ងៃសៅរ៍ លើកឡើងថា ស្ថានភាពជាច្រើនគឺល្អប្រសើរ ដែលអាចអោយជម្លៀសក្មេងៗចេញពីក្នុងរូងដែលពេញទៅដោយទឹក នៅប៉ុន្មានថ្ងៃខាងមុខបាន។ ជាពេលវេលាដែលត្រូវចាប់ផ្តើមជម្លៀសក្មេងៗ អោយបានមុនមានភ្លៀងធ្លាក់ជាថ្មី និងមុនពេលដែលកាបូនឌីអុកស៊ីត អាចនឹងកើនឡើង ប៉ះពាល់ដល់សុវត្ថិភាពក្មេងៗ។

ស្ថានភាពរបស់ក្មេងៗកីឡាករបាល់ទាត់១២នាក់ និងគ្រូបង្វឹកពួកគេម្នាក់ កើតមានការចាប់អារម្មណ៍ទូទាំងប្រទេសថៃ និងពិភពលោក ចាប់តាំងពីពួកគេជាប់ក្នុងរូងភ្នំ ថាមលួង កាលពីថ្ងៃទី២៣មិថុនាកន្លងទៅ។

«ពេលឥឡូវនេះ និងពេលតទៅ៣ ទៅ៤ថ្ងៃក្រោយ ឃើញថា ស្ថានភាពជាច្រើន មានកម្រិតទឹកក្នុងល្អាង អាកាសធាតុ និងសុខភាពរបស់ក្មេងៗ នឹងល្អប្រសើរ ដែលអំណោយផលសម្រាប់ការជម្លៀសពួកគេ ចេញពីរូង»។ នេះជាការលើកឡើងរបស់លោកណារ៉ុងសាក់ អូសុតថាណាខន (Narongsak Osottanakorn) ក្នុងសន្និសិទសារពត៌មានខ្លីមួយ កាលពីថ្ងៃសៅរ៍។

សូមបញ្ជាក់ថា ក្មេងៗដែលជាប់ក្នុងរូងភ្នំ នៅខេត្តឈៀងរ៉ៃ មានអាយុចន្លោះពី១១-១៦ឆ្នាំ និងគ្រូបង្វឹកម្នាក់អាយុ២៥ឆ្នាំ។ ពួកគេបានបាត់ខ្លួនកាលពីថ្ងៃទី២៣មិថុនា ហើយត្រូវក្រុមជួយសង្គ្រោះរកឃើញកាលពីយប់ថ្ងៃទី០២កក្កដា ស្ថិតនៅលើទីទួលមួយក្នុងរូងភ្នំ ចម្ងាយប្រមាណ៤គីឡូម៉ែត្រពីច្រកចូលរូងភ្នំ៕

 

 

ដោយ៖Vibe

ព័ត៌មានផ្សេងទៀត