Cristiano Ronaldo បានទ្រនំថ្មីនៅទឹកដីអ៊ីតាលី

11/07/2018 -  683

Cristiano Ronaldo តារាឆ្នើមក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយល់ព្រមចុះកុងត្រាលេងឲ្យ Juventus ៤ឆ្នាំ និងទទួលបានថ្លៃឈ្នួល៥០០០០០ផោនក្នុង១សប្តាហ៍ បន្ទាប់ពី Real Madrid ព្រមលក់ក្នុងតម្លៃ ៨៨លានផោន កាលពីយប់មិញ។

Ronaldo បានជួបប្រធានក្លឹប Juventus លោក Andrea Agnelli នៅប្រទេសក្រិកដែលជាកន្លែង រូបគេកំពុងសម្រាកលំហែកាយជាមួយកូនប្រុស និងមិត្តស្រីរបស់ខ្លួន ក្រោយចប់ភារកិច្ចនៅ World Cup 2018 ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។

CR7 ក៏បានចេញសារថ្លែងអំណរគុណដល់ Real Madrid ផងដែរ និងសុំទោសអ្នកគាំទ្រក្រុមស្តេចស ចំពោះការសម្រេចចាកចេញរបស់គេ តែទោះយ៉ាងណា Real Madrid គឺនឹងនៅក្នុងបេះដូងរបស់គេ ជារៀងរហូត។

កីឡាករវ័យ៣៣ឆ្នាំរូបនេះបានចាកចេញពី Real Madrid ក្នុងនាមជាវីរបុរស បន្ទាប់ពីចំណាយពេល ៩ឆ្នាំ នៅទីនោះ ដោយក្លាយជា Top Scorer ក្នុងប្រវត្តិសាស្ត្រក្លឹប ៤៥០គ្រាប់ ឈ្នះពាន La Liga ២ដង និងឈ្នះពាន UEFA Champions League ៤ដងផងដែរ។ ប្រកួតដំបូងរបស់ Ronaldo នៅ Juventus អាចនឹងប៉ះជាមួយក្រុមចាស់ Real Madrid នៅប្រកួតមិត្តភាព International Champions Cup នាថ្ងៃទី០៤ ខែសីហាខាងមុខនេះ ដោយកីឡាករ Cristiano Ronaldo បន្តពាក់អាវលេខ៧៕

ប្រភព៖ Daily Mail

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត