ថៃ​៖​ក្មេងៗ​​ដែលជាប់ក្នុងរូងភ្នំថា មាន​បំណង​​​ចូល​​​តែមួយ​​ម៉ោង​​ប៉ុណ្ណោះ​​

13/07/2018 -  264

​ក្មេងៗ​ទាំង​១២​នាក់​និង​គ្រូបង្វឹក​ម្នាក់ មានបំណង​ចូលក្នុង​រូងភ្នំ​ថាំ​ហ្លួង​ប្រហែល​តែមួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្ដែ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើឲ្យ​ពួកគេ​បន្ដ​គេចខ្លួន​និង​ត្រូវជាប់​ក្នុងនោះរ​ហូ​តដល់​ជាង​២​សប្ដាហ៍​។ នេះ​បើតាម​ការបញ្ជាក់​ពី​ឪពុក​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ដែល​ជាប់​ក្នុង​រូង​ភ្នំ និង​ជា​ប្រធាន​ក្រុមបាល់ទាត់​"Wild Boars"​។ លោក​Banpot Korncam បាន​ចូលជួប​កូន​របស់ខ្លួន ហើយ​លោក​ក៏បាន​នាំ​យកសម្ដី​កូនប្រុស​មក​ប្រាប់​អ្នកសារព័ត៌មាន​បន្ដ​។​

​កូនប្រុស​របស់លោក​បាន​ប្រាប់​លោក​ថា បន្ទាប់ពី​បញ្ចប់​ការហ្វឹកហាត់ ពួកគេ​ក៏បាន​ចូល​ទៅលេង​នៅក្នុង​រូងភ្នំ​ថាំ​ហ្លួង​។ ពួកគេ​គិតថា​ចូលទៅក្នុង​រូងភ្នំ​តែមួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្ដែ​ពេល​ពួកគេ​ចូលដល់​ក្នុង​រូងភ្នំ ភ្លៀង​ក៏​ចាប់ផ្ដើម​ធ្លាក់​។ ទឹកភ្លៀង​ក៏​ហូរ​ចូលក្នុង​រូងភ្នំ​ធ្វើឲ្យ​ពួកគេ​ត្រូវ​គេចខ្លួន​ទៅកន្លែង​មានសុវត្ថិភាព ដ្បិត​ចេញមកក្រៅ​មិន​រួច​។ ដោយឡែក​ពេល​ជាប់​ក្នុង​រូងភ្នំ​ដែល​ងងឹត​មើល​អ្វី​មិនឃើញ រឿង​ដែល​ពួកគេ​ធ្វើបាន​គឺ​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​។ នៅពេល​ពួកគេ​ឃ្លាន គ្រូបង្វឹក​របស់គេ​ឈ្មោះ​Ekkapol Chantawong ពន្លឺ​ពិល​ទៅលើ​ផ្ទាំង​ថ្ម​ដើម្បីឲ្យ​ជះ​ពន្លឺ ងាយស្រួល​រក​នំចំណី​ជាប់​ខ្លួន​តិចតួច​មក​បរិភោគ​។ ពួកគេ​ផឹកទឹក​ដែល​ស្រក់​ពី​ផ្ទាំង​ថ្ម មិន​ផឹកទឹក​នៅក្នុង​រូងភ្នំ​ផ្ទាល់​ទេ ចៀសវាង​ខ្លាច​ឆ្លង​មេរោគ​។ 

​យ៉ាងណាមិញ​ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​របស់គេ​នៅពេលនេះ មាន​សុវត្ថិភាព​ទាំងអស់គ្នា បន្ទាប់ពី​ក្រុម​ជួយសង្គ្រោះ​ប្រើពេល​បី​ថ្ងៃ យក​ពួកគេ​ចេញមកក្រៅ​។ ប្រតិ​បត្ដិការយ​ក​ពួកគេ​ចេញមកក្រៅ បានបញ្ចប់​កាលពី​ថ្ងៃ​អង្គារ​។ ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ដ​ឈៀង​រ៉ៃ ដោយ​បារម្ភ​ពី​ការឆ្លង​ជំងឺ​ផ្សេងៗ​។ ប៉ុន្ដែ​ពេលនេះ​ពួកគេ​ត្រូវ​បាន​អនុញ្ញាតឲ្យ​ជួប​ជាមួយ​ក្រុមគ្រួសា​រហើយ សុខភាព​ពួកគេ​ក៏​ល្អប្រសើរ​ច្រើន​ដែរ តែ​នៅ​បន្ដ​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​យ៉ាងហោចណាស់​មួយ​សប្ដាហ៍​។​

​ចំពោះ​ក្រុម​ជួយសង្គ្រោះ​វិញ បាន​ព្យាយាម​ទាំងយប់​ទាំង​ថ្ងៃ ស្វែងរក​ពួកគេ​រហូតដល់​អាចជួយ​ចេញមកក្រៅ​រូងភ្នំ​បាន​។ អ្នក​ជួយសង្គ្រោះ​បរទេស នាយករដ្ឋមន្ដ្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹង​ទទួលបាន​ប័ណ្ណ​ពិសេស​មួយ​"Thailand Elite" មានតម្លៃ​៥​សែន​បាត ស្មើនឹង​១៥,០០០​ដុល្លារ​អាមេរិក ជាមួយនឹង​ទិដ្ឋាការ​រយៈពេល​៥​ឆ្នាំ​អាច​ទៅមក​ប្រទេស​ថៃ​បាន ទុកជា​ការ​អរគុណ​។​

​ដោយឡែក​រូងភ្នំ​ថាំ​ហ្លួង នឹងត្រូវ​កែច្នៃ​ជា​សារមន្ទីរ​ដើម្បី​បង្ហាញ​ពី​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះ សម្រាប់​ភ្ញៀវទេសចរ​ចូល​ទស្សនា​។ ក្រុម​ជំនាញ​ផ្នែក​ភាពយន្ដ​ក៏​កំពុង​ត្រួតពិនិត្យ​រូងភ្នំ​នេះដែរ ដើម្បី​ពិនិត្យមើល​លទ្ធភាព​នៃ​ការថត​ភាពយន្ដ​ទាក់ទង​នឹង​ក្មេងៗ​ជាប់​ក្នុង​រូង​ភ្នំ រួមទាំង​ប្រតិ​បត្ដិកា​រជួយ​សង្គ្រោះពួក​គេផង ព្រោះ​គេ​ចង់​ផលិត​ជា​ខ្សែភាពយន្ដ​មួយ​៕

ព័ត៌មានផ្សេងទៀត