​អតីតមន្ត្រី​អាវុធហត្ថ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​

16/07/2018 -  222

​អតីតមន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក និយាយ​ពី​ការបាត់បង់​ការងារ​ដោយសារ ចុះបង្ក្រាប​ករណី​គ្រឿងញៀន បុគ្គល​មាន​ឥទ្ធិពល​។​
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៦ កក្កដា​នេះ បានឲ្យដឹងថា ការចាប់ខ្លួន​ម្ចាស់​គណនី Facebook ឈ្មោះ «​យមរាជ លោកីយ៍​» ដែល​ជា​អតីតមន្ត្រី​កងរាជអាវុធហត្ថ គឺ​ដោយសារតែ​បាន​បង្ហោះ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយ​សកងរាជ​អាវុធហត្ថ​ទាំងមូល​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ទៀតថា ម្ចាស់​គណនី​ឈ្មោះ «​យមរាជ លោក​កីយ៍​» ដែល​មាន​ឈ្មោះ​ពិត​ថា សន សំនៀង អតីត​ជា​នាយទាហាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយ​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តាំងពី​ឆ្នាំ​២០១៧​។ ការ​លុបឈ្មោះ​នេះ ដោយសារ​បុគ្គល​ឈ្មោះ សន សំនៀង បាន​ប្រព្រឹត្ត​ខុសឆ្គង ជា​បន្តបន្ទាប់ ម្តង​ហើយ​ម្តង​ទៀត​ដូចជា​៖ បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលឲ្យ​មនុស្ស​ស្លាប់​នៅនឹងកន្លែង​, បាញ់បោះ​សេរី​, និង​បាន​ប្រើ​ហិង្សា​លើ​បងថ្លៃ​ស្រី​ម្នាក់ បណ្តាល​ឲ្យ​សន្លប់​។​

​យ៉ាងណាមិញ បើ​តាម​ការបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក អតីតមន្ត្រី​កងរាជអាវុធហត្ថ​រូបនោះ បាន​អះអាង​ថា ខ្លួន​ត្រូវបាន​បាត់បង់​ដំណែង ក្នុង​កងរាជអាវុធហត្ថ​ទាំង​អយុត្តិធម៌ ដោយសារ​ការបង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន ១៧២ គីឡូក្រាម កាលពី​ឆ្នាំ ២០១៣ ដែល​លោក​ថា ជា​របស់​បុគ្គល​មាន​ឥទ្ធិពល​។​

​សូមបញ្ជាក់​ថា ជនសង្ស័យ​ម្ចាស់​គណនី Facebook «​យមរាជ លោកីយ៍​» កំពុង​ស្ថិត​ក្រោម​ការ​សួរនាំ​ពី មន្ត្រីនគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ មុន​បញ្ជូនបន្ដ​ទៅ​សាលាដំបូង​ខេត្ត​កំពង់ធំ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕ ដោយៈ​សៅ វិសាល​

 


ព័ត៌មានផ្សេងទៀត