អតីតបវរកញ្ញាជប៉ុនបង្រៀនកុមារកម្ពុជា អំពីសុខភាពមាត់ធ្មេញ

17/09/2018 -  147

ភ្នំពេញ៖អង្គការមូលនិធិទឹកចិត្តទាំងបី ដែលមានកញ្ញាអារ៉ៃ ហ៊ីសាអ៊ិ អគ្គនាយិកានៃអង្គការ មូលនិធិទឹកចិត្តទាំងបី និងជាអតីតបវរកញ្ញាជប៉ុន បានរៀបចំកម្មវិធីសុខភាពម៉ាត់ធ្មេញ អា-ហា-ហា នៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០១៨ លើកទី១ សម្រាប់កុមារា កុមារី និងយុវជន យុវតី ចំនួន១០៦នាក់ នៅឯមណ្ឌលកុមារ កំព្រាភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់សារៈសំខាន់នៃការដុសធ្មេញ និងការថែរក្សាសុខភាពមាត់ធ្មេញ អោយបានត្រឹមត្រូវ។

គម្រោងការថែទាំសុខភាពមាត់ធ្មេញ អា-ហា-ហា នេះត្រូវបានបង្កើតឡើងដោយ អង្គការ មូលនិធិទឹកចិត្តទាំងបី រយៈពេលប្រាំមកហើយ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានការចង្អុលបង្ហាញពីទន្តបណ្ឌិត សួន ម៉ូនីកា និងទន្តពេទ្យស្ម័គ្រចិត្តចំនួន១៣នាក់ទៀត។

ចំពោះកម្មវិធីគឺមានដូចជា ការផ្តល់ចំណេះដឹងផ្នែកសុខភាពមាត់ធ្មេញ ការបង្ហាញពីរបៀបដុសធ្មេញ អោយបានត្រឹមត្រូវ និងការត្រួតពិនិត្យមាត់ធ្មេញទៅដល់សិស្សមកពី មណ្ឌលកុមារកំព្រាភ្នំពេញថ្មី ចំនួន៥៦នាក់ និងសិស្សចំនួន៥០នាក់ទៀតមកពី មណ្ឌលកុមារកំព្រា កុលាបបួន។

ការព្យាបាលមាត់ធ្មេញនឹងធ្វើឡើងក្នុងកម្មវិធីលើកទី២ នៃ គម្រោង អា-ហា-ហា នៅខែធ្នូ ឆ្នាំដដែល សម្រាប់សិស្សដែលមានបញ្ហាមាត់ធ្មេញ។ បន្ថែមពីនេះទៀត អ្នកចូលរួមក៏ត្រូវបានលើកទឹកចិត្ត អោយចូលរួមក្នុងកម្មវិធីលេងកំសាន្ត សប្បាយៗដែលទាក់ទងនឹងសុខភាពមាត់ធ្មេញ។

កញ្ញា អារ៉ៃ ហ៊ីសាអ៊ិ អគ្គនាយិកានៃអង្គការ មូលនិធិទឹកចិត្តទាំងបី និងជាអតីតបវរកញ្ញាជប៉ុនមានប្រសាសន៍ថា “ខ្ញុំមានភាពសប្បាយចិត្តយ៉ាងខ្លាំងដែលបានឃើញអ្នកទាំងអស់គ្នាសប្បាយរីករាយក្នុងកម្មវិធីនេះ និងបានផ្តល់ឱកាសឱ្យពួកគេយល់ដឹង នូវការថែរក្សាមាត់ធ្មេញ។ យើងនឹងផ្តល់ការព្យាបាលទៅក្មេងៗទាំងអស់ក្នុងកម្មវិធីលើកទី២ នៃគម្រោង អា-ហា-ហា ប្រចាំឆ្នាំ២០១៨។”

ទន្តបណ្ឌិត សួន ម៉ូនីកា ក៏បានមានប្រសាសន៍ថា “ខ្ញុំ និងទន្តពេទ្យស្ម័គ្រចិត្តមានសេចក្ដីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ជាមួយកញ្ញាអារ៉ៃ ក្នុងការជួយកុមារៗលើបញ្ហាសុខភាពមាត់ធ្មេញ។”

សិស្សស្រី អាយុ៩ឆ្នាំម្នាក់ ពីមណ្ឌលកុមារកំព្រាភ្នំពេញថ្មីបាននិយាយថា “ខ្ញុំយល់ដឹងច្រើនណាស់អំពីការដុសធ្មេញ និងការថែរក្សាមាត់ធ្មេញបានត្រឹមត្រូវ ខ្ញុំសង្ឃឹមថានឹងមានគម្រោងអា-ហា-ហា ម្តងទៀត។” សិស្សប្រុសអាយុ៧ឆ្នាំម្នាក់ ក៏បាននិយាយថា “ខ្ញុំមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានយល់ដឹងពីសុខភាពមាត់ធ្មេញ និងការថែរក្សាមាត់ធ្មេញឱ្យមានសុខភាពល្អ។ ខ្ញុំក៏មានអារម្មណ៍សប្បាយរីករាយ នៅពេលចូលរួមលេងហ្គេមសប្បាយៗដែរ ខ្ញុំសង្ឃឹមថានឹងមានគម្រោង អា-ហា-ហា ម្តងទៀតធ្វើឡើងនៅ មណ្ឌលកុមារកំព្រា ភ្នំពេញថ្មីនេះ”៕

ព័ត៌មានផ្សេងទៀត