យុទ្ធនាការធំមួយធ្វើឡើងដើម្បីប្រមូលថវិកា ជួយសង្គ្រោះគ្រូបង្វឹកឆ្កែជនជាតិខ្មែរម្នាក់

17/09/2018 -  121

ភ្នំពេញ៖យុទ្ធនាការមួយនឹងត្រូវរៀបចំឡើងដើម្បីប្រមូលថវិកា មួយម៉ឺន ប្រាំពាន់ដុល្លារសម្រាប់ជួយសង្គ្រោះគ្រូបង្ហាត់សុនខរបស់កម្ពុជាដ៏ល្បីលំដាប់ពិភពលោក គឺលោក ហ៊ិន រតនា ដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីចុងខែសីហា កន្លងទៅ ហើយបច្ចុប្បន្ននេះ មនុស្សដ៏មានទេពកោសល្យរូបនេះ កំពុងតែសម្រាកព្យាបាលនៅប្រទេសថៃនៅឡើយ។ អាស្រ័យដោយការខ្វះខាតលើការចំណាយដ៏ច្រើនក្នុងការព្យាបាលដែលបញ្ជាក់ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ ទើបក្រុមហ៊ុនSabay ផ្ដួចផ្ដើមគម្រោងមនុស្សធម៌នេះឡើង ដោយមានការចូលរួមបរិច្ចាគ ដោយធនាគារ ព្រីនស៍។

លោក ហ៊ិន រតនា កូនខ្មែរ ធំដឹងក្ដីនៅអាមេរិក និងជាគ្រូបង្វឹកសុនខដ៏ល្បីរបស់កម្ពុជា មានឈ្មោះបោះសំឡេងកម្រិតអន្តរជាតិ។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លោករងគ្រោះដោយរថយន្តបុក និងកិនជាហេតុនាំឲ្យរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។  គិតទាំងថ្លៃព្យាបាលនៅក្នុងស្រុក ការដឹកជញ្ជូនទៅកាន់ប្រទេសថៃ និងថ្លៃព្យាបាល អស់ប្រមាណជាពី៨ទៅ១០ម៉ឺនដុល្លារ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ហើយកំពុងបន្តស្នាក់នៅ និង ព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ដែលខ្ទង់ចំណាយត្រូវទ្រទ្រង់បន្តបន្ទាប់ទៀត។ 

ដើម្បីជួយសម្រួលដល់ការចំណាយលើថ្លៃព្យាបាល ក្រុមហ៊ុន Sabay នឹងធ្វើយុទ្ធនាការមួយ ដើម្បីប្រមូលថវិកាជួយដល់ក្រុមគ្រួសារ លោក ហ៊ិន រតនា សម្រាប់ការចំណាយដ៏សន្ធឹកសន្ធាប់ លើការព្យាបាល។ យុទ្ធនាការដើម្បីអង្គាសប្រាក់ខាងលើនេះ (#ស៊ូស៊ូsusu) គឺអាស្រ័យលើមហាជនជាធំ។ ត្រង់ចំណុចនេះ តួលេខនៃយុទ្ធនាការគឺ ចង់ឲ្យខាងមហាជនជួយវិភាគទានឲ្យបាន ប្រាំពាន់ដុល្លារ ហើយសល់ ១ម៉ឺនដុល្លារ ទៀត ជាបន្ទុករបស់ក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍។

ឧទាហរណ៍ថា បើសិនជា អ្នកចូលរួមវិភាគទាន ១ដុល្លារ នោះក្រុមហ៊ុន Sabay ក៏ចូល ១ដុល្លារ ហើយខាង ធនាគារ ព្រីនស៍ ក៏បរិច្ចាគ ១ដុល្លារ ដូចគ្នា។ ដូច្នេះ ក្រុមគ្រួសារជនរងគ្រោះ (ហ៊ិន រតនា) ទទួលបាន ៣ដុល្លារ។ យុទ្ធនាការនេះ ចាប់ផ្ដើមទទួលការរួមចំណែករបស់មហាជនតាមរយៈគណនី វីង លេខ ០០៥៤៣៦០១ដែលជាគណនីរបស់លោកហ៊ីន រតនាដោយផ្ទាល់។ ក្រុមការងារយើង នឹងព្យាយាមប្រកាសប្រាប់ពីចំនួនទឹកប្រាក់ដែលយើងទទួលបាន ពីមហាជនក្នុងសកម្មភាពមនុស្សធម៌មួយនេះ។ ការលះបង់ ឬរួមចំណែករបស់អ្នកទោះតិចក្ដី ច្រើនក្ដី គឺជាចំណែកដ៏កក់ក្ដៅ ក្នុងការជួយជីវិតរបស់លោកហ៊ិន រតនា៕

 

ព័ត៌មានផ្សេងទៀត