គួរឲ្យអាណិតណាស់!អ្នកគ្រូគង់ ណារី ជួបការខ្វះខាត ខណៈកំពុងចូលសង្គ្រោះបន្ទាន់នៅមន្ទីរ

05/10/2018 -  2342

 

ភ្នំពេញ៖ប្រមាណជាជិតមួយសប្ដាហ៍ទៅហើយ​ ដែលអ្នកគ្រូគង់ ណារី សាស្រ្តាចារ្យសិល្បៈល្បីឈ្មោះមួយរូប បា​នចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីមានជំងឺក្រិនថ្លើម និងទឹកក្នុងសួតរបស់អ្នកគ្រូធ្លាក់ដល់ដំណាក់កាលធ្ងន់ធរ។ អ្នកគ្រូគង់ ណារី កំបុងស្ថិតក្នុងការខ្វះខាតលទ្ធភាពយ៉ាងខ្លាំង ដោ​យសារគ្រប់ការព្យាបាល គឺខាងមន្ទីរពេទ្យតម្រូវអោយអ្នកគ្រូបង់ចំណាយគ្រប់ផ្នែក បើទោះជាអ្នកគ្រូត្រូវគេស្គាល់ថា ជាវីរៈសិល្បការិនីមួយរូប ដែលមានស្នាដៃច្រើនជួយដល់សង្គមកន្លងយ៉ាងណាក៏ដោយ។ នេះបើតាមប្រភពស្និតនឹងអ្នកគ្រូគង់ ណារី​ ដែលប្រាប់អ្នកសារព័ត៌មាន។

សមាជិកគ្រួសារតារាកម្ពុជាមួយរូប គឺលោកសន សុវណ្ណារ៉ា ដែលត្រូវគេស្គាល់ ថា ជាសិស្សជំនិតរបស់អ្នកគ្រូគង់ ណារី បានថ្លែងបញ្ជាក់ថា អ្នកគ្រូស្ថិតនៅក្នុងការសង្គ្រោះដោយមន្ទីរពេទ្យលោកសង្ឃ តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍មកម្លេះ ដោយក្នុងពេលនេះអ្នកគ្រូ មានសភាពធ្ងន់ធ្ងរនៅឡើយ បន្ទាប់ពីជំងឺក្រិនថ្លើម និងទឹកចូលសួតរបស់អ្នកគ្រូកាន់តែមានសភាពធ្ងន់។

លោកសន សុវណ្ណារ៉ា បានឲ្យដឹងបន្ត ថា អ្នកគ្រូស្ថិតនៅក្នុងបន្ទប់ G1 G2 ក្នុងអាគារជំងឺទូទៅ ខាងផ្នែកពោះវៀនក្រពះ ដោយប៉ុន្មានថ្ងៃមកនេះ អ្នកគ្រូត្រូវពេទ្យបូបទឹកចេញពីសួតរាល់ថ្ងៃ ដើម្បីការពារកុំអោយជំងឺអ្នកគ្រូកាន់តែធ្ងន់។ យ៉ាងណាក៏ដោយលោកបានសម្ដែងក្ដីបារម្ភពីសភាពជំងឺរបស់អ្នកគ្រូ ដោយលោកប្រកាសថាតម្រូវការក្នុងព្យាបាលជំងឺដែលបានកើតឡើងនេះ ក៏ធ្វើអោយអ្នកគ្រូមិនមានលទ្ធភាពផងដែរ។

ជាមួយគ្នានេះលោកសន សុវណ្ណារ៉ា ទទូចអោយមានការបរិច្ចាគជួយដល់អ្នកគ្រូ ដើម្បីអោយអ្នកគ្រូអាចបន្តលទ្ធភាព ក្នុងពេលដែលជំងឺរបស់អ្នកគ្រូ លោកថាមានតែការទៅមុខ នឹងត្រូវការការសង្គ្រោះអោយបានរួសរាន់ ដើម្បីបញ្ចៀសជំងឺធ្ងន់ធ្ងរ។ ជាមួយនឹងការអំពាវនាវអោយមានការចុះសួរសុខទុក្ខដល់អ្នកគ្រូដើម្បីផ្ដល់ជាកម្លាំងចិត្ត លោកក៏ទទូចអោយមានការអន្តរាគមន៍ជួយអោយអ្នកគ្រូបានទទួលការព្យាបាលដោយមិនគិតថ្លៃជាមុន និងស្នើអោយមានការផ្ដល់ជំនួយជួយសង្គ្រោះដល់អ្នកគ្រូនៅក្នុងពេលនេះ។ សូមទំនាក់ផ្ដល់ជំនួយដោយផ្ទាល់តាមរយៈលេខ 016 83 77 99  

ព័ត៌មានផ្សេងទៀត