កីឡាការិនីប៉េតង់កម្ពុជា២រូប ឈ្នះមេដាយមាស កម្រិតពិភពលោកនៅបារាំង

11/10/2018 -  168

 

បារាំង៖ជាមោទនភាពជាតិមួយទៀត បន្ទាប់ពីវីរៈកីឡាការិនីកែ ឡេង និងវីរៈកីឡាការិនីអ៊ុក ស្រីមុំ បានចាប់ដៃគ្នាប្រកួតដណ្ដើមបានមេដាយមាស១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកកម្រិតពិភពលោក នៅប្រទេសបារាំង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា កីឡាការិនីទាំង២រូប ដណ្ដើមបានមេដាយមាសខាងលើ លើវិញ្ញាសាវា​យគូនារី ២នាក់ទល់នឹង២នាក់ ហើយនេះគឺជាវិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំង២ ទើបបញ្ចប់ការប្រកួត ខណៈសល់ ២វិញ្ញាសាទៀត ត្រូវបន្ដប្រកួតនាថ្ងៃបន្ទាប់ គឺវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ និងវិញ្ញាសាឯកត្តជន។ រីឯផ្នែកបុរស ក៏ដូចគ្នាដែរ ប៉ុន្ដែការចាប់ផ្ដើមជាមួយវិញ្ញាសាដំបូង គឺវិញ្ញាសាវាយគូបុរស ២នាក់ទល់នឹង២នាក់មិនទទួលបានលទ្ធផលល្អនោះទេ។

គ្រូបង្វឹកក្រុមកីឡាប៉េតង់ជម្រើសជាតិបុរសកម្ពុជា បានឲ្យដឹងបន្ថែម ថា ការប្រកួតជ្រើសរើសជើងឯកកម្រិតពិភពលោកនេះ គឺរៀបចំមានលក្ខណៈពិសេស ខុសប្លែកពីការប្រកួតជើងឯកពិភពលោកផ្លូវការ ដោយម្ចាស់ផ្ទះបារាំង ដែលជាប្រទេសស្ថាបនិកកីឡាប៉េតង់នេះ បានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយអញ្ជើញតែប្រទេសខ្លាំងៗប្រចាំតំបន់នីមួយៗ ទៅចូលរួមប្រកួតប៉ុណ្ណោះ ក្នុងនោះក៏មានវត្តមានប្រទេសកម្ពុជាផងដែរ ស្របពេលកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបទៅចូលរួម ក្រោមការដឹកនាំរបស់លោក អ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់កម្ពុជា។

សូមជម្រាប ថា វីរកីឡាការិនីទាំង២រូបខាងលើនេះ ធ្លាប់បានដណ្តើមមេដាយមាសពិភពលោកលើវិញ្ញាសាឯកត្តជន ជាច្រើនគ្រឿងមកហើយ ជូនដល់ព្រះរាជាណាចក្រកម្ពុជា៕

 

 

ព័ត៌មានផ្សេងទៀត