អាជ្ញាធរបញ្ជាក់ករណីមានកំប្លោក មកទើនៅលើឆ្នេរសមុទ្រខេត្តព្រះសីហនុ

11/10/2018 -  1730

 

ព្រះសីហនុ៖យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ដព្រះសីហនុ បានឲ្យដឹង ថា ចាប់ពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ មានកំប្លោក ដែលមានប្រភពពីសមុទ្រប្រទេសជិតខាង បានហូរអណ្ដែតរសាត់លើផ្ទៃសមុទ្រ និងបានមកទើនៅលើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ បញ្ហានេះក្រុមការងាររដ្ឋបាលខេត្ត កងកម្លាំង រដ្ឋបាលក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ កំពុងចុះសំអាតតាមបណ្ដាឆ្នេរក្នុងក្រុងព្រះសីហនុ។

ជាមួយគ្នានេះរដ្ឋបាលខេត្តព្រះសីហនុ បានស្នើឲ្យសាធារណៈជន កុំមានការព្រួយបារម្ភ ព្រោះបញ្ហានេះមិនបានធ្វើឲ្យខូចគុណភាពទឹកសមុទ្រ ឬឆ្នេរខ្សាច់នោះទេ គ្រាន់តែធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពឆ្នេរមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពីការសម្អាតរួចរាល់ឆ្នេរខ្សាច់ នឹងមកសភាពស្រស់ស្អាតដូចដើមវិញ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ ថា ដើម្បីពន្លឿនក្នុងការសម្អាតកំប្លោកនៅតាមឆ្នេរ រដ្ឋបាលខេត្តស្នើដល់បងប្អូនអាជីវករ ដែលកំពុងប្រកបអាជីវកម្មតាមឆ្នេរ ចូលរួមសម្អាតឆ្នេរដែលមានកំប្លោក នៅមុខទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានស្អាតល្អ៕

ព័ត៌មានផ្សេងទៀត