អបអរសាទរ!អង្ករកម្ពុជាទទួលបានពានរង្វាន់អង្ករល្អជាងគេ លើពិភពលោកទៀតហើយ

12/10/2018 -  162

 

ហាណូយ៖ជារឿងគួរឲ្យអបអរសាទរមួយទៀត ដែលអង្កររបស់ប្រទេសកម្ពុជា ទទួលបានពានរង្វាន់អង្ករល្អជាងគេ នៅលើពិភពលោក នាឆ្នាំ២០១៨នេះ។ ការប្រកាសពានរង្វាន់នេះ ធ្វើឡើងគ្រាដែល លោកសុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមសន្និសីទស្រូវ-អង្ករពិភពលោកលើកទី10 (10th World Rice Conference) រៀបចំដោយ The Rice Trader ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ2018 នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

កាលពីថ្ងៃទី១១ ខែតុលា លោកសុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើបទបង្ហាញដោយលើកយកប្រធានបទស្តីពី "Cambodia's Key Export Origin in Focus" មកបង្ហាញជូនដល់អង្គសន្និសីទ ដោយបានសង្កត់ធ្ងន់លើការនាំចេញអង្ករកម្ពុជា ដោយផ្តោតលើអង្ករដែលមានគុណភាពប្រណីត ការធ្វើពិពិធកម្មនិងការពង្រីកទីផ្សារ ការធ្វើទំនើបកម្មសង្វាក់ផលិតកម្មស្រូវអង្ករ និងការឈានទៅការធ្វើការចុះ ម៉ាកសញ្ញាសំគាល់ភូមិសាស្ត្រ (GI) នៅតំបន់ជុំវិញបឹងទន្លេសាប ដែលមានលក្ខណ:ភូមិសាស្ត្រពិសេស និងមានប្រពៃណីដាំដុះស្រូវដែលមានគុណភាពដ៏យូរលង់ណាស់មកហើយ។

ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានយកអង្ករកម្ពុជា ដើម្បីផ្សព្វផ្សាយគុណភាពអង្ករកម្ពុជាដល់ពាណិជ្ជករអន្តរជាតិដែលបានចូលរួមក្នុងសន្និសីទ និងចូលរួមការប្រកួតអង្ករល្អជាងគេនៅលើពិភពលោកប្រចាំឆ្នាំ២០១៨ផងដែរ។ គួររំលឹក ថា កម្ពុជាធ្លាប់គ្រប់គ្រងពានរង្វាន់អង្ករជាងគេបំផុត ក្នុងពិភពលោក រយៈពេល៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០១២ ឆ្នាំ២០១៣ និងឆ្នាំ២០១៤ ហើយសម្រាប់ឆ្នាំក្រោយមកទៀត គឺឆ្នាំ២០១៥ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ កម្ពុជាទទួលចំណាត់ថ្នាក់លេខ២ ប៉ុន្តែសម្រាប់ឆ្នាំ២០១៨នេះកម្ពុជា អាចយកពានរង្វាន់នេះ ត្រឡប់មកវិញហើយ៕

 

 

ព័ត៌មានផ្សេងទៀត