ស្រ្ដីដែលយកស្គត់បិទមាត់កូនខ្លួនឯងនោះ ត្រូវនគរបាលហៅសួរនាំ

12/10/2018 -  195

 

ភ្នំពេញ៖ស្រ្ដីម្នាក់ដែលបានយកស្គត់បិទមាត់ និងបានចងដៃចងជើងកូនខ្លួនឯងនោះ ត្រូវបាននគរបាលប៉ុស្តិ៍គោកឃ្លាងហៅសួរនាំ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបែកធ្លាយវីដេអូស្រ្តីរូបនេះ នៅលើបណ្ដា​ញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ស្រ្តីខាងលើនេះ និយាយប្រាប់នគរបាល ថា រូបគាត់មានឈ្មោះសុទ្ធ ធារី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះឈឹម វីរៈ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិតំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានកូនចំនួន២នាក់ ប្រុស អាយុ៧ឆ្នាំ ស្រីអាយុ១ខួប៦ខែ មានឈ្មោះផល លីណា។

ស្រ្ដីដដែលបាននិយាយបន្ត ថា កាលពីអំឡុងជាង៦ខែមុន គ្រាដែលកូនស្រីគាត់អាយុទើប១ខួប នាងជាក្មេងរពឹស ខណៈដែលក្រុមគ្រួសារនៅជុំគ្នាទាំងអស់ ដោយលេងជាមួយកូន គាត់ក៏បានយកស្គត់រុំមាត់ កូនស្រីពៅរបស់គាត់លេង មិនមែនកូនប្រុស ដូចអ្នកលេងហ្វេសប៊ុកបានឃើញនោះទេ។

សកម្មភាពនេះ ត្រូវបានប្អូនប្រុសបង្កើតឈ្មោះសុទ្ធ មុន្នី អាយុ២៤ឆ្នាំ យកទូរស័ព្ទរបស់គាត់ម៉ាកIpho ne7Plush ពណ៌ខ្មៅ មកថតលេង ហើយក៏មិនបានបង្ហោះហ្វេសប៊ុកទៅណាដែរ។ ក៏ប៉ុន្តែបានប្រមាណជាកន្លះខែក្រោយ ប្អូនប្រុសជាអ្នកថតរូបភាពនោះ ជួបគ្រោះថ្នាក់ចរាចរណ៍ របួសបោកក្បាលដល់សន្លប់ បាត់បង់ទាំងលុយកាក់ បាត់ទាំងទូរស័ព្ទI Phone 7Plush មួយគ្រឿងរបស់គាត់នោះទៀតផង ឆ្លងកាត់រយៈពេលជាង៦ខែមកហើយ ទើបតែក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ ស្រាប់តែបែកធ្លាយ រូបដែលគាត់យកស្កុតរុំមាត់កូននោះ មកបង្ហោះលើបណ្តាញសង្គម ព្រោងព្រាត ថែមទាំងមានមតិរិះគន់ផង លុះរហូតមកដល់ព្រលប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ប៉ូលីសប៉ុស្តិ៍ ចុះទៅតាមហៅដល់ផ្ទះ សួរនាំរូបភាពខាងលើ ទើបភ្ញាក់ខ្លួនព្រើត មិននឹកស្មានថា រូបភាពតាំងពីជាង៦ខែមុន ហើយក្រោយពីបាត់ទូរស័ព្ទ ទើបមកបែកធ្លាយពេលនេះ។

យ៉ាងណាក៏ដោយនគរបាល មិនបានឃាត់ខ្លួនស្រ្ដីរូបនេះទេ គ្រាន់តែតម្រូវឲ្យស្រ្ដីខាងលើនេះ សូមទោស ជាសាធារណៈប៉ុណ្ណោះ៕

ព័ត៌មានផ្សេងទៀត