ងៀតបបែលមាន សារធាតុគីមីហាមឃាត់ចំនួន២៩គីឡូក្រាម ត្រូវមន្រ្តីកាំកុងត្រូលរកឃើញ

15/10/2018 -  148

 

បន្ទាយមានជ័យ៖យ៉ាងហោចណាស់ងៀតបបែល ដែលមានសារធាតុគីមីហាមឃាត់ចំនួន២៩គីឡូ​ក្រាម ត្រូវបានមន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យរកឃើញ នៅក្នុងផ្សារត្រី ស្ថិតនៅក្រុងប៉ោយប៉ែត ។ នាព្រឹកថ្ងៃទី១៥ ខែតុលានេះ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ​ បានសហការជាមួយគណៈកម្មការគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅក្នុងផ្សារត្រី​ ស្ថិត​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ក្នុងសកម្មភាពត្រួតពិនិត្យ​ មន្រ្តីជំនាញ​ បានធ្វើការវិភាគបឋមលើផលិផល​ មួយចំនួនមានដូចជា​៖​ ងៀ​តបបែល,សណ្តែកបណ្តុះ,និងបាញ់កាញ់។ ក្នុងនោះមន្រ្តីកាំកុងត្រូល បានរកឃើញនិងដកហូតមករក្សាទុកដើម្បីកំទេចចោលនូវងៀតបបែល មានសារធាតុគីមីហាមឃាត់បូរ៉ាក់​ ដែលបានដាក់លក់នៅតូបចំនួន​២​មានទម្ងន់សរុប២៩គីឡូក្រាម។​ ចំណែកផលិតផលសណ្តែកបណ្តុះ​ និងបាញ់កាញ់​ សមត្ថកិច្ចជំនាញ រកមិនឃើញមានសារធាតុគីមីហាមឃាត់ទេ​។

ជាមួយគ្នានេះ​មន្ត្រីកាំកុងត្រូល​ បានណែនាំដល់ម្ចាស់​ទំនិញពេលទិញទំនិញមកលក់បន្ត​ ត្រូវមានវិក័យបត្រ​ ឬអាស័យដ្ឋានរបស់អ្នកផលិតឲ្យបានច្បាស់លាស់​ ងាយស្រួសសមត្ថកិច្ចស្រាវជ្រាវ​ ពេលពិនិត្យឃើញមានភាពមិនប្រក្រតីកើតឡើង៕  

ព័ត៌មានផ្សេងទៀត