ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត បោះទុនវិនិយោគ ជាមួយក្រុមហ៊ុនឡេងណាវ៉ាត់ត្រា សង់វីឡាដាក់លក់

05/12/2018 -  35

 

ភ្នំពេញ៖កំពូលតារាចម្រៀង២រូបប្រចាំផលិតកម្មរស្មីហង្សមាស គឺលោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត បានបោះទុនវិនិយោគរួមគ្នា ដោយសហការជាមួយក្រុម របស់ឧកញ៉ាវ៉េងក្មេងឡេងណាវ៉ាត់ត្រា ដើម្បីសាងសង់ឡាវីលក់ បន្ទាប់ពីកំពូលតារាចម្រៀងទាំង២រូបនេះ បានជោគជ័យលើមុខជំនួញពុះដីឡូតិ៍លក់រៀងៗខ្លួនកន្លងមក។ ការចាប់ដៃគ្នាវិនិយោគលើគម្រោង សាងសង់វីឡានេះទៀតសោត ក៏ដើម្បីជម្រះនូវពាក្យមិនពិតមួយចំនួន ថា តារាចម្រៀងទាំង២រូប មិនសូវចុះសម្រុងនឹងគ្នាផងដែរ ខណៈនៅទ្រនំជាមួយគ្នានោះ។

យោងតាមការបង្ហោះលើផេកបុរីឡេងណាវ៉ាត់ត្រា បានអះអាងថា លោកព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ក្រោយពីទទួលបានជោគជ័យក្នុងគម្រោងដីធ្លីពុះលក់រៀងខ្លួន អ្នកទាំង២បានសម្រេចចិត្តបោះទុនរួមគ្នាតែមួយជាមួយក្រុមហ៊ុនឡេងណាវ៉ាត់ត្រាតែម្ដង ដោយគម្រោងថ្មីនេះ គឺធំជាងគម្រោងមុនៗទ្វេរដង ហើយសម្រាប់ដើមទុនក៏មិនតិចជាង២០លានដុល្លារ។ ការបង្ហោះបញ្ជាក់ថាអ្នកទាំងពីរ មិនត្រឹមតែបើកគម្រោងថ្មីពុះលក់ដីឡូតិ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាយទុនសង់វីឡាដាក់លក់ ដែលនេះគឺជាគម្រោងមហាសេដ្ឋី ដែលមិនធ្លាប់មានសម្រាប់តារាចម្រៀងនៅក្នុងពិភពសិល្បៈ។

លោកឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា លោក ព្រាប សុវត្ថិ និង លោកខេមរៈ សិរីមន្ត ពិតជាចំណាយទុនបើកគម្រោងរកស៊ីចូលគ្នាពិតមែន ដោយគម្រោងថ្មីនេះ គឺមិនមានរវាងលោក និង លោកព្រាប សុវត្ថិ ឬរវាងលោក និងលោក ខេមរៈ សិរីមន្ត ដាច់គ្នាដូចមុននោះទេ ប៉ុន្តែគឺជាគម្រោងបោះទុនរួមគ្នាទាំំង៣បញ្ចូលគ្នាតែម្ដង ដើម្បីអោយបានដើមទុនច្រើន ហើយឈានទៅសង់វីឡាដាក់លក់នោះផង។ លោកថាគម្រោងលោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត រួមគ្នានោះ ស្ថិតនៅម្ដុំព្រៃទទឹងលើផ្លូវជាតិលេខ៣ក្បែរៗគម្រោងចាស់ ប៉ុន្តែជាគម្រោងសង់វីឡា និងពុះដីឡូតិ៍រួមគ្នា ដោយគ្រាន់តែដើមទុនគឺយ៉ាងហោចក៏២០លានដុល្លារ ដោយមិនទាន់បញ្ចូលការចំណាយលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងចំណាយបន្ទាប់បន្សំដែលមើលមិនឃើញនោះផង។ អ្វីដែលសំខាន់គឺគម្រោងធំនេះ មានដីរហូតដល់ជាង៥០ហិកតា ហើយប្រើទុនខ្ពស់ ដែលលោកបានហៅការចូលហ៊ុនរបស់លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ជាមួយនឹងលោករួមគ្នាជាបីហ៊ុននាពេលនេះថា ជាការជួយដំណើរការបើកជំនួញដីធ្លីរបស់លោកដើរលឿន។

នៅមិនទាន់ដឹងថាលោក ព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត បោះទុនក្នុងម្នាក់ប៉ុន្មានលានដុល្លារនោះទេ ប៉ុន្តែអ្វីដែលលោកឡេង ណាវ៉ាត់ត្រា បានទម្លាយ គឺបញ្ជាក់យ៉ាងច្បាស់ថា កំពូលតារាចម្រៀងទាំងពីរមិនបានកាច់កុងគ្នាដូចអ្វីដែលមានការយល់ច្រលំនោះទេ។ ផ្ទុយទៅវិញ បើទោះជាមើលមួយភ្លែតគឺអ្នកទាំងពីរប្រកួតប្រជែងគ្នាដណ្ដើមប្រជាប្រិយភាព និងទីផ្សារសិល្បៈ តែសម្រាប់ទំនាក់ទំនងខាងក្រៅសិល្បៈ គឺអ្នកទាំងពីរជាដៃគូជំនួញយល់ចិត្តគ្នា ទើបឈានដល់ការបោះទុនម្នាក់ៗមិនតិចជាងលានដុល្លារ ជាមួយនឹងលោក ឡេង ណាវ៉ាត់ត្រា បើកគម្រោងពុះឡូតិ៍រួមគ្នា និងមានសង់វីឡាលក់ផង ដែលនេះគឺជាជំនួញមិនធម្មតា៕

ព័ត៌មានផ្សេងទៀត