VIDEO

កុមារ និងមនុស្សវ័យជំទង់ នៅទីក្រុងប៉េកាំង ទទួលទានដំណេក បានតិចជាងកុមារ និងមនុស្សវ័យជំទង់ រស់នៅក្នុងទីក្រុងផ្សេងទៀត របស់ប្រទេសចិន ដែលបញ្ហានេះ ធ្វើអោយពួកគេប្រឈមនឹងហានិភ័យ កើតមានបញ្ហាសុខភាពស្មារតី និងរាងកាយ។ នេះបើតាមការ អោយដឹងពីរបាយការណ៍អ្នកជំនាញ។

ប្រជាជនទីក្រុងប៉េកាំង ទទួលទានដំណេក៧,៦ម៉ោងក្នុងមួយយប់ គិតជាមធ្យម ប៉ុន្តែប្រជាជនរស់នៅក្នុងទីក្រុងមួយនេះ ប្រហែលជា២៥ភាគរយ ទទួលទានដំណេកមិនគ្រប់គ្រាន់ ជាទៀងទាត់។ នេះបើតាមសន្ទស្សន៍ទទួលទានដំណេក ចេញផ្សាយដោយគណៈកម្មាការផែនការគ្រួសារ និងសុខភាពទីក្រុងប៉េកាំង។ របាយការណ៍ដដែលអោយដឹងថា ប្រជាជនប៉េកាំងយ៉ាងតិច៣០ភាគរយ ទទួលទានដំណេកបានតិចជាង៦,៥ម៉ោង។

ជាពិសេស របាយការណ៍លើកឡើងថា កុមារ និងមនុស្សវ័យជំទង់ ទទួលទានដំណេកបានតិចជាងក្មេងៗផ្សេងទៀតរស់នៅ ក្នុងទីក្រុងដដៃទៀត ដោយសារពួកគេ មានកិច្ចការសាលា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចច្រើន និងបញ្ហាទទួលទានដំណេក មិនបានស្កប់ស្កល់។

Li Li (លីលី) ជាសិស្សសាលាបឋមសិក្សាវ័យ១០ឆ្នាំម្នាក់ នាងនិយាយថា បានចូលគេងនៅប្រហែលជាម៉ោងពាក់កណ្តាលយប់ គឺនៅក្រោយពេល នាង បញ្ចប់កិច្ចការសាលារៀន និងក្រោយលែងហ្គេមទូរស័ព្ទ ប្រហែលជា២ទៅ៣ម៉ោង។ នាងបន្ថែមថា នេះជាវិធីសម្រាកក្រោយសិក្សាពេញមួយថ្ងៃ ហើយណាមួយ ឳពុកម្តាយរបស់នាង ក៏លែងហ្គេមទូរស័ព្ទក្រោយ ទទួលទានអាហារពេលល្ងាចផងដែរ។

អ្នកជំនាញសុខភាព បានព្រមានថា បញ្ហាទទួលទានដំណេកនៅក្នុងរយៈពេលយូរ និងបញ្ហាគេងមិនលក់ អាចបង្កើនហានិភ័យ ជំងឺប៉ះពាល់ប្រព័ន្ធឈាមរត់ ការថប់អារម្មណ៍ និងសម្ពាធ។

 

ដោយ៖ Vibe

OTHER VIDEO