VIDEO

​រាល់ថ្ងៃ​មនុស្ស​មួយចំនួន​ហាក់ដូចជា​មើលងាយ​លើ​ការ​គេង​ខ្លាំងណាស់ ដោយ​ពួកគេ​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​សម្រាក​នៅ​ពេលយប់​ប៉ុន្មាន​នោះទេ​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា ការ​គេង​មិន​គ្រប់គ្រាន់​រាល់​យប់ មិនមែនជា​រឿង​ធម្មតា​ដូច​អ្នក​គិត​នោះទេ​។ យោងតាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន shape ការ​គេង​មិន​គ្រប់គ្រាន់ អាច​ប៉ះពាល់​ដល់​រូបរាងកាយ និង​សុខភាព​របស់​អ្នក​ដូចជា​៖

​ស្បែក​ស្ងួត​និង​ឆាប់​ចាស់​ជាង​វ័យ ៖ មិនចាំបាច់​គេង​មិន​គ្រប់​ច្រើន​យប់​នោះទេ គ្រាន់តែ​គេង​មិន​គ្រប់គ្រាន់​តែមួយ​យប់នោះ អ្នក​អាច​មើល​ដឹង​ពី​សភាព​ខ្លួនឯង​។ អ្នក​អាច​សាកល្បង​គេង​យឺត​មួយ​យប់ ហើយ​ប្រៀបធៀប​ជាមួយ​យប់​ដែល​អ្នក​គេង​បាន​គ្រប់គ្រាន់ ហើយ​ឆ្លុះកញ្ចក់ អ្នកនឹង​ពិនិត្យឃើញ​ពី​ភាព​ខុសប្លែកគ្នា នៃ​ស្បែក​របស់​អ្នក ជាពិសេស​ស្បែក​មុខ​និង​ជុំវិញ​ភ្នែក​។ ការបន្ត​គេង​មិន​គ្រប់គ្រាន់​យូរៗ​ទៅ នឹង​ធ្វើឲ្យ​ស្បែក​អ្នក​ជ្រីវជ្រួញ ហើយ​ភ្នែក​ប៉ោង​ហើម​ជាមួយនឹង​ការ​លេច​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក ដោយសារ​អ័រម៉ូន​ដែល​បំបែក​ប្រូតេអ៊ីន​នៅក្នុង​ស្បែក​ធ្លាក់ចុះ​។​

​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង ៖ ការសិក្សា មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Current Cardiology Review បាន​និយាយថា ការខ្វះខាត​នៃ​ការ​គេង​ក៏​អាច​បណ្តាលឲ្យមាន​ការខូច​ខាត​ដល់​បេះដូង និង​ធ្វើឲ្យ​អ្នក​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺលើសឈាម​, ប្រឈម​ខ្ពស់​នៅក្នុង​ការកើត​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម​។​

ការចងចាំ​ថយចុះ ៖ ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើឲ្យ​ប្រព័ន្ធ​ប្រសាទ​ថយចុះ មិន​ចងចាំ​និង​ទទួល​ព័ត៌មាន​បានឡើយ​។​

​ងាយ​នឹង​ឡើង​ទម្ងន់ ៖ គេង​មិន​គ្រប់គ្រាន់​ធ្វើឲ្យ​រំខាន​ដល់​អ័រម៉ូន​របស់អ្នក ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្រេកឃ្លាន​។ យោងតាម​ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​គេង​បាន​៥​ម៉ោង ឬ​តិចជាង​៥​ម៉ោង ក្នុង​មួយ​យប់ មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ធាត់ ជាង​អ្នក​ដែល​គេង​រយៈពេល​៧​ម៉ោង​ក្នុង​មួយ​យប់​។ ដូច្នេះ​កុំ​បំផ្លាញ​នូវ​ការខិតខំ​ប្រឹងប្រែង​សម្រក​ទម្ងន់​របស់​អ្នក ដោយ​គ្រាន់តែ​ប្រញាប់​ចូល​គេង​។​

​គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​អាយុជីវិត ៖ គេង​ត្រឹម​៥​ម៉ោង ឬ​តិចជាង​៥​ម៉ោង ក្នុង​មួយ​យប់ រៀងរាល់​យប់ នឹង​ធ្វើឲ្យ​កើនឡើង​នូវ​ហា​នី​ភ័យ​នៃ​ការស្លាប់​។ នៅពេល​អ្នក​មិនអាច​បិទ​ភ្នែក​បាន​គ្រប់គ្រាន់ រាងកាយ​របស់​អ្នក​មិនមាន​លទ្ធភាព​ជួសជុល ផ្ទុយទៅវិញ​វា​តែងតែ​ដំណើរការ​ក្នុងស្ថានភាព​ហត់នឿយ​បំផុត​៕


OTHER VIDEO